ក្រុមហ៊ុន Aston Martin បង្ហាញ​រថយន្ត SUV ដំបូងបង្អស់​របស់ខ្លួន​និង​សម្លឹងមើល​អ្នកទិញ​រថ​យន្ត​ប្រណីត​នៅក្នុង​ប្រទេស​ចិន​

262
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​រថយន្ត​អង់គ្លេស Aston Martin បានបង្ហាញ​រថយន្ត​ប្រភេទ SUV ដំបូងបង្អស់​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី ២០ វិច្ឆិកា នៅក្នុង​ព្រឹត្តិការណ៍​ក្នុង​ក្រុង​ប៉េកាំង​និង​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស ដែលជា​សញ្ញា​បង្ហាញថា ក្រុមហ៊ុន​កំពុង​សម្លឹង​កើប​ចំណូល​ពី​ការស្រេកឃ្លាន​ខ្លាំង​ឡើង​នៅ​ចិន​សម្រាប់​រថយន្ត​ប្រណីត​ដើម្បី​បង្កើន​ការលក់​របស់ខ្លួន​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក អ៊ែន​ឌី ផាល់​មឺ និយាយ​នៅក្នុង​ពិធី​តាំង​បង្ហាញថា រថយន្ត​ថ្មី​ឈ្មោះ DBX គឺជា​ការពង្រីក​ធំ​បំផុត​នៅក្នុង​ប្រភេទ​រថយន្ត​របស់ Aston Martin ក្នុង​ប្រវត្តិសាស្ត្រ​របស់​យីហោ​ឡាន​មួយ​នេះ​។

​ក្រុមហ៊ុន ដែល​រថយន្ត​របស់ខ្លួន​ដើរតួ​សំខាន់​ក្នុង​រឿង​ជេ​ម​ស៍ ប៊​ន កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ប្រកាស​ខាតបង់​ប្រមាណ ១៣,៥ លាន​ផោន (១៧,៤៥ ពាន់​លាន​ដុល្លារ​) កាលពី​ត្រីមាស​មុន​។

​ប៉ុន្តែ​ជាមួយ​តម្រូវការ​កើនឡើង​ខ្លាំង​សម្រាប់​រថយន្ត​ប្រភេទ SUV ដែល​ស៊ីសាំង​ច្រើន ប្រទេស​ចិន​បាន​តំណាងឱ្យ​ឱកាស​សម្រាប់​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​នេះ ដែល​រង​ការវាយប្រហារ​យ៉ាងដំណំ​ដោយ​បញ្ហា​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប (Brexit) និង តម្រូវការ​ធ្លាក់ចុះ​នៅ​អឺរ៉ុប​។

​បង្កើត​ក្នុង​ឆ្នាំ ១៩១៣ ក្រុមហ៊ុន Aston Martin សង្ឃឹមថានឹង​លក់​រថយន្ត​របស់ខ្លួន​បាន​ទ្វេដង​នៅក្នុង​ប្រទេស​ចិន ដែល​បច្ចុប្បន្ន​បាន​ទិញ​រថយន្ត​របស់ខ្លួន​ខ្ទង់ ៥០០ គ្រឿងក្នុង​មួយឆ្នាំ​។ នេះ​យោងតាម​លោក​ផាល់​មឺ​ប្រាប់​ទៅ AFP​។

​យោងតាម​ប្រភព​ឧស្សាហកម្ម ជិត​ពាក់កណ្តាល​នៃ​រថយន្ត​ថ្មី​ដែល​បាន​ទិញ​រួច​ចុះបញ្ជី​ក្នុងប្រទេស​ចិន​ឆ្នាំមុន​គឺ​រថយន្ត​ប្រភេទ SUV​។​

​ជាមួយ​ម៉ាស៊ីន​ភ្លោះ V8 ចំណុះ ៤ លីត្រ រថយន្ត DBX មាន​សមត្ថភាព​បើក​ដល់​ល្បឿន​កប់ ២៩១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង សន្ទុះ​ល្បឿន​ពី​សូន្យ​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹម ៤,៥ វិនាទី​។ រថយន្ត​កៅអី​ប្រាំ​នេះ​មានតម្លៃ ១៨៩.០០០ ក្នុង​សហរដ្ឋ​អាម៉េរិក ហើយ​គេ​រំពឹងថា​នឹង​លក់​ក្នុងតម្លៃ​ប្រហាក់ប្រហែលគ្នា​នៅក្នុង​ប្រទេស​ចិន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត DBX