ក្រុមហ៊ុន Baidu របស់​ចិន​នឹង​សាកល្បង​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង នៅ​ទីក្រុង​ប៉ាវ​ទីង ខេត្ត​ហឺ​ប៉ី​

1141
ចែករម្លែក

​ក្រុមហ៊ុន Baidu កំពុង​យកក្តី​ស្រឡាញ់​របស់ខ្លួន​សម្រាប់​បច្ចេកវិជ្ជា AI ជាពិសេស​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ទៅដល់​កម្រិត​បន្ទាប់​មួយទៀត ដោយ​ចាប់ផ្តើម​ការធ្វើ​តេស្ត​ផ្លូវការ​រយៈពេល​វែង​នៃ​រថយន្ត​បច្ចេកវិជ្ជា​ខ្ពស់​របស់ខ្លួន ក្នុង​ទីក្រុង​ប៉ាវ​ទីង ក្នុង​ខេត្ត​ហឺ​ប៉ី​ភាគ​ខាងជើង​។

​ក្រុមហ៊ុន​រុករក​ក្នុង​អ៊ី​ន​ធឺ​ណេ​ត​យក្ស​របស់​ចិន​មួយ​នេះ គឺជា​អ្នកវិនិយោគ​យូរ​មកហើយ​ក្នុង​គម្រោង​បច្ចេកវិជ្ជា AI និង​បាន​បង្កើត​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ជាច្រើន​គ្រឿងក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​បង្កើតឡើង​ដើម្បីឱ្យ​ផ្លូវ​ធ្វើដំណើរ​មាន​សុវត្ថិភាព​ជាង​មុន​ក្នុងប្រទេស​ចិន​នៅ​ថ្ងៃ​ណាមួយ​។ វេ​ប​សាយ People’s Daily រាយការណ៍​ថា ក្រុមហ៊ុន Baidu នឹង​ចំណាយពេល​ធ្វើតេស្ត ៣ ទៅ ៥ ឆ្នាំ​ទៀត ក្នុង​ទីក្រុង​ប៉ាវ​ទីង ដើម្បី​កែលម្អ​ឱ្យ​ប្រសើរឡើង​នូវ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់ ខណៈ​ស្វែងរក​ប៉ាន់​គំរូ​ធ្វើ​អាជីវកម្ម​រថយន្ត​នេះ​ផងដែរ​។​

​ខណៈ​នេះ​ស្តាប់ទៅ​ប្រៀប​បី​ដូចជា​ដំណឹង​អស្ចារ្យ​សម្រាប់​អនាគត​សុវត្ថិភាព​លើ​ដងផ្លូវ​ក្នុងប្រទេស​ចិន ប្រាកដ​ណាស់ គេ​ត្រូវការ​ពេល​យូរ​ថែមទៀត​ដើម្បី​សម្រេច​កិច្ចការ​នេះ​ឱ្យបាន​។​

​ដូច​បាន​ជ្រាប​មកហើយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Baidu លោក រ៉ូ​ប៊ី​ន លី បាន​ជួប​ផលវិបាក​នាពេល​ថ្មីៗ​នេះ ព្រោះ​ច្បាប់​រដ្ឋាភិបាល​អំពី​បច្ចេកវិជ្ជា​បើកបរ​ដោយ​ខ្លួនឯង​អាចធ្វើឱ្យ​ក្រុមហ៊ុន​ជួប​ការលំបាក​ក្នុងការ​ធ្វើតេស្ត និង អភិវឌ្ឍ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​។ កាលពី​សប្តាហ៍​មុន នៅ​សន្និសីទ​ស្តីពី​ការបង្កើត​ថ្មី​របស់​ក្រុមហ៊ុន Baidu ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ប៉េកាំង លោក​លី​បាន​ផ្សាយ​ផ្ទាល់​វីដេអូ​រូបគាត់​កំពុង​អង្គុយ​ក្នុង​កៅអី​អ្នកដំណើរ​នៃ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ដែល​គាត់​ទំនងជា​ភ្លេច​ហើយ​ថា​វា​ប្រឆាំងនឹង​ច្បាប់​ក្នុង​ទីក្រុង​ប៉េកាំង​របស់​ចិន ជាហេតុ​នាំឱ្យ​ប៉ូលិស​បើក​ការស៊ើបអង្កេត​ករណីនេះ​។

​ច្បាប់​ចរាចរណ៍​ក្នុង​ទីក្រុង​ភាគច្រើន​របស់​ចិន​គឺ​ហាមឃាត់​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​។ បច្ចេកវិជ្ជា​នេះ​នៅ​ថ្មីថ្មោង​មិនទាន់​ស្គាល់​ច្បាស់​នៅឡើយ ហើយ​ឧបទ្ទវហេតុ​ជាច្រើន​បា​នស​បញ្ជាក់ថា បច្ចេកវិជ្ជា​នេះ​នៅ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ទេ​ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​ផ្លូវ​ទីក្រុង​និង​ផ្លូវ​ហាយវ៉េ​ដ៏​មមាញឹក​របស់​ចិន​។ ក្រុមហ៊ុន Tesla របស់​អាមេរិក​បានរ​ង​ការរិះគន់​កាលពី​ឆ្នាំមុន បន្ទាប់ពី​អ្នកបើកបរ​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​រថយន្ត ខណៈ​កំពុង​ប្រើប្រាស់​បច្ចេកវិជ្ជា “​បើកបរ​ដោយ​ខ្លួនឯង​នេះ​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Baidu របស់​ចិន​នឹង​សាកល្បង​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង នៅ​ទីក្រុង​ប៉ាវ​ទីង ខេត្ត​ហឺ​ប៉ី
#