ក្រុមហ៊ុន Bell Helicopter បង្ហាញ​គំរូ​តាក់ស៊ី​ហោះ​នៅ​ពិព័រណ៍ CES ឆ្នាំ​២០១៩

203

​ចក្ខុវិស័យ​នៃ​តាក់ស៊ី​ហោះ​ដែល​នឹង​ដឹក​អ្នក​ទៅ​គោលដៅ​ណាត់ជួប​ដោយ​មិន​បារម្ភ​ពី​ផ្លូវ​កកស្ទះ បាន​ឈានដល់​ដំណាក់កាល​មួយទៀត​ឆ្ពោះទៅរក​ការពិត បន្ទាប់ពី​ក្រុមហ៊ុន Bell Helicopter បានបង្ហាញ​គំរូ​រថយន្ត​តាក់ស៊ី​ហោះ Bell Nexus របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍ CES ឆ្នាំ​២០១៩ ដែល​កំពុងដំណើរការ​។​

​គំរូ​តាក់ស៊ី​ហោះ​អាច​ហោះ​និង​ចុះចត​បញ្ឈរ​ត្រង់ (VTOL) របស់​ក្រុមហ៊ុន Bell ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ​ទី ៧ មករា នៅមុន​ការបើក​ជា​ផ្លូវការ​នៃ​ការតាំងពិព័រណ៍​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​គន្លឹះ​សំខាន់​ចំពោះ​ការច្នៃប្រឌិត​ទាក់ទាញ​ភ្នែក​របស់​វា​គឺ​ស្លាបចក្រ​ចំនួន ៦ ដែល​ជួយ​ឱ្យ​រថយន្ត​នេះ​សម្រេចបាន​នូវ​ការហោះ​បញ្ឈរ​ត្រង់​ឡើងទៅ​លើ​មេឃ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា​ខ្លួន​នឹង​ដឹកនាំ​ការចេញ​ម៉ូត ការអភិវឌ្ឍ និង​ការផលិត​ប្រព័ន្ធ VTOL ប៉ុន្តែ​ខ្លួន​ក៏​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន ៥ ផ្សេងទៀត​ដែរ​ដើម្បី​ធ្វើឱ្យ​តាក់ស៊ី​ហោះ Bell Nexus ក្លាយជា​ការពិត​។​

​ក្រុមហ៊ុន Safran នឹង​ផ្តល់​ប្រព័ន្ធ​រុញ​ទៅលើ​មេឃ​ហាយ​ប្រ៊ី​ដ ក្រុមហ៊ុន EPS នឹង​អភិវឌ្ឍ​តំបន់​ផ្ទុក​ថាមពល ក្រុមហ៊ុន Thales នឹង​ផ្តល់នូវ​ហាដវែ​និង​សូ​ហ្វ​វែ​កំ​ព្យូ​ទ័​រ​សម្រាប់​បញ្ជាការ​ហោះហើរ ក្រុមហ៊ុន Moog នឹង​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សកម្មភាព​ហោះហើរ និង ក្រុមហ៊ុន Garmin នឹង​រួមបញ្ចូល​ម៉ាស៊ីន​អេកូ​និង​កុំព្យូទ័រ​គ្រប់គ្រង​រថយន្ត​ហោះ​នេះ​៕ ដោយ៖ កញ្ញាដាលីស