ក្រុមហ៊ុន BMW បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​សម្រាប់​ចេញលក់​នៅ​ឆ្នាំក្រោយ​

185
ចែករម្លែក

​នៅក្នុង​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្វ្រែ​ង​ហ្វើ​ត​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន BMW និយាយថា ការផ្តល់ឱ្យ​អតិថិជន​នូវ​ជម្រើស​ដ៏​ទូលំទូលាយ​ក្នុងចំណោម​រថយន្ត​ដើរ​ដោយ​ចំហេះ​ឥន្ធនៈ ហាយ​ប្រ៊ី​ដ និង​ថាមពល​អគ្គិសនី គឺជា​វិធីសាស្ត្រ​ត្រឹមត្រូវ​ចំពោះ​ទីផ្សារ​ដែល​កំពុង​មានកា​រ​ផ្លាស់ប្តូរ​។​

​លោក ភី​ត​ធឺ ណូ​តា និយាយថា ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​មុយ​និ​ចនេះ ផ្តល់នូវ “​អំណាច​នៃ​ជម្រើស​” ដល់​អតិថិជន​ដោយ​ផ្តល់ជូន​នូវ “​រថយន្ត​ដែល​ពួកគេ​ចង់បាន​និង​ត្រូវការ​”​។ ក្រៅពី​រថយន្ត​ប្រើ​ប្រេងឥន្ធនៈ​និង​រថយន្ត​ហាយ​ប្រ៊ី​ដ ក្រុមហ៊ុន​នឹង​បន្ថែម​រថយន្ត​អគ្គិសនី​ប្រភេទ X3 SUV របស់ខ្លួន​នៅ​ឆ្នាំក្រោយ​។ ក្រុមហ៊ុន BMW ថែមទាំង​បាន​បង្អួត​នូវ​រថយន្ត​គំរូ ដែល​ដំណើរការ​ដោយ​អាគុយ​ឥន្ធនៈ​អ៊ីដ្រូសែន​ទៀតផង​។​

​ក្រុមហ៊ុន BMW កំពុង​ពឹង​ផ្អែកលើ​រថយន្ត​ចម្រុះ​ដើម្បី​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវការ​ដ៏​តឹងរ៉ឹង​អំពី​ការ​បំ​ភាយ​ឧស្ម័ន C02 នៅ​អឺរ៉ុប ខណៈ​គូប្រកួត​ប្រជែង​របស់ខ្លួន​គឺ​ក្រុមហ៊ុន Volkswagen កំពុង​ជំរុញ​យ៉ាងខ្លាំង​ជាមួយនឹង​រថយន្ត​អគ្គិសនី ជាមួយ​រថយន្ត​ម៉ូ​ដែល ID.3 របស់ខ្លួន​គ្រោង​នឹង​ចូល​ទីផ្សារ​នៅ​ឆ្នាំក្រោយ ទោះបី​បច្ចុប្បន្ននេះ អតិថិជន​ដែល​ត្រូវការ​រថយន្ត​អគ្គិសនី​នៅមាន​ចំនួន​ទាប​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

#