ក្រុមហ៊ុន Boeing និង​កងទ័ពជើងទឹក​អាម៉េរិក​សាកល្បង​ហោះហើរ​ជោគជ័យ​នូវ​យន្តហោះ​ចាក់​សាំង​ឥត​មនុស្ស​បើក​

350
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​យន្ដហោះ​របស់​អាម៉េរិក Boeing បានប្រកាសថា​ខ្លួន​បានរួម​សហការគ្នាជាមួយ​កងទ័ពជើងទឹក​អាម៉េរិក​ធ្វើការ​សាកល្បង​ហោះហើរ​ជោគជ័យ​នូវ​យន្តហោះ​ចាក់​សាំង​គ្មាន​មនុស្ស​បើក​ជា​លើកដំបូង ដោយ​កត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យោធា​ក្នុងការ​បញ្ជូន​ប្រេង​តាមរយៈ​យន្ដហោះ​គ្មាន​មនុស្ស​បើក​ទៅ​នាវា​ផ្ទុក​យន្តហោះ​។​

​ក្រុមហ៊ុន Boeing បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កញ្ញា​ថា “​យន្តហោះ​ចាក់​សាំង​ឈ្មោះ MQ-25 ដែល​គេ​ស្គាល់​ផងដែរ​ថា T1 បាន​បំពេញ​ការហោះហើរ​ដោយ​ស្វ័យប្រវត្តិ​រយៈពេល ២ ម៉ោង​ក្រោម​ការបញ្ជា​ទិស​ដោយ​អ្នកបើក​យន្តហោះ​សាកល្បង​របស់ Boeing ដែល​បញ្ជា​ចេញពី​ស្ថានីយ​ត្រួតពិនិត្យ​នៅលើ​ដី​នៅ​អាកាសយានដ្ឋាន MidAmerica St. Louis ក្នុង​ទីក្រុង​ម៉ា​ស្កូ​តា រដ្ឋ​អ៊ី​ល​លី​នណ​យ កន្លែង​ដែល​កម្មវិធី​តេស្ត​មាន​មូលដ្ឋាន​នៅ​ទីនោះ​”​។

​ក្រុមហ៊ុន​បាន​បន្ថែមទៀតថា យន្ដហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​បំពេញ​ការហោះហើរ​ស្វយ័ត​និង​ហោះ​ឡើង​មេឃ បន្ទាប់មក​ហោះហើរ​តាមផ្លូវ​ដែល​បានកំណត់​ទុកជាមុន​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ហោះហើរ​ជា​មូលដ្ឋាន​និង​ការធ្វើទំនាក់ទំនង​រប​ស់វា​ជាមួយ​ស្ថានីយ​ត្រួតពិនិត្យ​នៅលើ​ដី​៕ ដោយ៖ កញ្ញាដាលីស