ក្រុមហ៊ុន Bugatti បង្ហាញ​រថយន្ត​ថ្លៃ​បំផុត​លើ​លោក​, មាន​លុយ​ជាង ១០ លានដុល្លារ​ឡើង​ទើប​អាច​ទិញ​បាន​

592
ចែករម្លែក
  • 192
    Shares

​ក្រុមហ៊ុន Bugatti បានបង្ហាញ​រថយន្ត​ថ្មី​ចុងក្រោយ​របស់ខ្លួន ដែលជា​កំពូល​រថយន្ដ​ដ៏​អស្ចារ្យ​មានតម្លៃ​ខ្ទង់ ១១ លាន​អឺរ៉ូ (១២,៥០ លាន​ដុល្លារ​)​។​

​រថយន្ត​នេះ​មាន​ឈ្មោះថា La Voiture Noire និង​ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង​នេះ​ចាត់ទុកជា​រថយន្ត​ថ្មី​ដែល​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​វា​ត្រូវបាន​លក់​ចេញរួច​ទៅហើយ​។​

​រថយន្ត​ពណ៌​ខ្មៅក្រឹប​នេះ​គឺ​យក​ម៉ូត​តាម​រថយន្ត Chiron ដែលមាន​ស្រាប់​របស់​ក្រុមហ៊ុន Bugatti រួមជាមួយ​នឹង​ម៉ូត​រថយន្ត Type 57 AC Atlantic ឆ្នាំ​១៩៣៦​។ ជា​លទ្ធផល គេ​បាន​បង្កើត​រថយន្ត​ដ៏​រលើបរលោង​អស្ចារ្យ​មិន​នឹកស្មាន​ដល់​។​

​រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន V8 ប្រភេទ Quad-Turbo W16 កម្លាំង ១៤៧៩ សេះ ដែល​បំពាក់​លើ​រថយន្ត Chiron បច្ចុប្បន្ន​នេះដែរ​។ រថយន្ត​នេះ​បើ​លេខ​ដៃ​និង​លេខ​អូ​តូ​៧​លេខ និង​ប្រព័ន្ធ​កង់ All-Wheel-Drive​។​

​រថយន្ត​នេះ​មាន​សន្ទុះ​ល្បឿន​ពី ០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ថេរៈវេលា​ត្រឹម ២,៤ វិនាទី និង​អាច​បើក​បាន​ដល់​ទៅ​ល្បឿន ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ ដោយ៖ កញ្ញាដាលីស