ក្រុមហ៊ុន Cellcard របស់​អ្នកឧកញ៉ា គិត ម៉េង ឈ្នះ​ពានរង្វាន់​ពី Ookla លើ​ល្បឿន​អ៊ី​ន​ធើ​ណេ​ត

745
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រុមហ៊ុនទូរស័ព្ទ Cellcard នា​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន ឈ្នះ​ពានរង្វាន់​ពី​ស្ថាប័ន Ookla លើ​ល្បឿន​អ៊ី​ន​ធើ​ណេ​ត ក្នុងនាម​ជា​ប្រតិបត្តិ​ករ ដែលមាន​ភាព​រីកចម្រើន​មួយ នៅ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ការ​ឈ្នះ​ពានរង្វាន់​៣​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​លើ​ល្បឿន​អ៊ី​ន​ធើ​ណេ​តរបស់​ក្រុមហ៊ុន​មួយ​នេះ​នៅ​កម្ពុជា​។​

​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard បានឱ្យដឹងថា ពានរង្វាន់​នេះ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ថែមទៀត របស់​ក្រុមហ៊ុន ក្នុងការ​ផ្តល់ជូន​នូវ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន តាម​ដែល​អាច​ធ្វើបាន​ជូន​អតិថិជន ដែលមាន​តម្រូវការ​ប្រើប្រាស់​ទិន្នន័យ កាន់តែច្រើន​បន្ថែមទៀត​។​

​លោក​ថា «​ទិន្នន័យ​នេះ កំពុង​ដើរតួនាទី​កាន់តែ​ចាំបាច់​ខ្លាំង​ឡើងៗ នៅក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន ខណៈពេលដែល​តម្រូវកា​រ​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ពួកគេ​កាន់តែ​កើនឡើង​»​។​

​លោក Ian Watson បាន​បន្ថែមទៀតថា អតិថិជន​របស់​ក្រុមហ៊ុន Cellcard នៅ​តំបន់​មួយចំនួន អាច​ប្រើប្រាស់​ល្បឿន​ទាញយក​រហូតដល់​ទៅ 150 Mbps​។ ជាមួយនឹង​ទីតាំង​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ 3CA និង MIMO ដែល​អាច​ទាញយក​ល្បឿន​រហូតដល់ 300mbps ហើយ​ឆាប់ៗ​នេះ ល្បឿន​នឹង​កើនឡើង​ដល់​ទៅ​1Gbps ហើយ​អាច​លឿន​ជាង​នេះ ជាមួយនឹង​បច្ចេកវិទ្យា 5G​។​

​ជាមួយគ្នា​នោះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃនេះ ក្រុមហ៊ុន Cellcard ក៏បាន​បង្ហាញថា តើ​អនាគត​នៅក្នុងពេល​ដ៏​ខ្លី​នេះ នឹងមាន​រូបរាង​ដូចម្តេច​សម្រាប់​អតិថិជន ជាមួយ​ការដាក់​បង្ហាញ​មនុស្ស hologram ដំបូងបង្អស់​នៅ​កម្ពុជា និង​មាតិកា 3D ដទៃទៀត រួមជាមួយ Augmented Reality ជាដើម​។​

​សូមបញ្ជាក់ថា Ookla ដែលជា​ក្រុមហ៊ុន​ស្ថិតនៅ​ពីក្រោយ Speedtest គឺជា​អ្នក​នាំមុខគេ ក្នុងការ​ធ្វើតេស្ត និង​វិភាគ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវបាន​ប្រើប្រាស់​ជាង​២០​ពាន់​លាន​ដង នៅ​ទូទាំង​ពិភពលោក​។ សម្រាប់​Speedtest by Ookla គឺជា​វិធី​ត្រឹមត្រូវ​បំផុត ក្នុង​ការវាស់ស្ទង់​លើ​បណ្តាញ​អ៊ីនធឺណិត​៕ ល​