ក្រុមហ៊ុន Covision កូរ៉េ ចែករំលែក​បទពិសោធ​ន៍​និង​បណ្តុះបណ្តាល​អំពី​ផ្នែក​ទន្តសាស្ត្រ នៅ​កម្ពុជា​

890
ចែករម្លែក

​ដោយ​: ស៊ា​ថាំង / ភ្នំពេញ​: ទី​ភ្នា​ក់​ជំរុញ​ការធ្វើ​វិនិយោគ និង​ពាណិជ្ជកម្ម​កូរ៉េ​ហៅ​កាត់​ថា​កូ​ត្រា​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Covision របស់​ប្រទេស​កូរ៉េ បានមក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​បណ្តុះបណ្តាល​អំពី​បច្ចេកវិទ្យា​ថ្មីៗ ពាក់ព័ន្ធ​នឹង​ផ្នែក​ទន្តសាស្ត្រ​ដល់​បណ្តា​ក្រុមហ៊ុន​ឯកជន ក្នុង​វិស័យ​ទន្តសាស្ត្រ ដែល​កំពុងមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​។​

​មន្ត្រី​រៀបចំ​កម្មវិធី​នៃ​ទីភ្នាក់ងារ​កូ​ត្រា​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​បណ្តុះបណ្តាល​និង​ចែករំលែក​ចំណេះដឹង​នេះ បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​កូ​ត្រា​ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Covision កូរ៉េ សហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ជាច្រើន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា ដោយបាន​អញ្ជើញ​ក្រុមហ៊ុន​ក្នុង​ចំនួន​៣៤​ក្រុមហ៊ុន​មក​ចូលរួម​។​

​មន្ត្រី​អ្នករៀបចំ​បាន​ឲ្យ​ដឹងថា កម្មវិធី​បណ្តុះបណ្តាល​នេះ គឺ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ស្តីពី​បច្ចេកទេស​ថ្មី​ស្តោះ​ពី​ការដាំ​បង្គោល​ធ្មេញ និង​បច្ចេកទេស ព្រមទាំង​មានការ​តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ នាំចូល​ពី​ប្រទេស​កូរ៉េ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ដ៏​ទំនើប​នោះ​។ ទន្ត​បណ្ឌិត Woo, Chang Woo បណ្ឌិត​មកពី​សកលវិទ្យា​ល័យ Yunsei ជំនាញ​ខាង​ទន្តសាស្ត្រ និង​បន្ទប់ពិសោធន៍ និង​វេជ្ជបណ្ឌិត​Horim Lee, (PhD) ជា​គ្រូ​ឧទ្ទេសនាម​ក្នុងការ​បណ្តុះបណ្តាល​រយៈ​ពេល​កន្លះ​ថ្ងៃនោះ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រុងភ្នំពេញ​កាលពី​ថ្មីៗ​នេះ​។​

​លោក Shin Tae Ho នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Covision បាន​ថ្លែងថា ក្រុមហ៊ុន Covision មានការ​ពេញចិត្ត និង​មាន​កិត្តិយស​យ៉ាងខ្លាំង ដែល​បានរៀបចំ​អោយមាន​វេទិកា​បណ្តុះបណ្តាល​នេះ​។ លោក​មានប្រសាសន៍ថា ថ្វីត្បិតតែ​ទីផ្សារ​ទន្តពេទ្យ​របស់​ក​ម្ពុ​ជា​តូច​មែនពិត ប៉ុន្តែ​ទីផ្សារ​នេះ បាន​កំពុងអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ដូច្នេះ​យើង​សង្ឃឹមថា បណ្តា​ទន្តពេទ្យ​កម្ពុជា ដែល​បានមក​ចូលរួម​អនុវត្ត​នៅក្នុង​ការបណ្តុះបណ្តាល​នេះ នឹង​ទទួលបាន​បទពិសោធន៍ និង​ជំនាញ​ល្អៗ​ពី ទន្តពេទ្យ​កូរ៉េ​ជាមិនខាន​។​

​លោកនាយក​ក្រុមហ៊ុន Covision នៅបាន​ថ្លែង​ទៀតថា យើង​សង្ឃឹមថា នៅ​អនាគត​យើង​នៅតែ​បន្ត​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​ជំនាញ ហើយ​រំពឹងថា​ព្រឹ​ត្ត​ការណ៍​នេះ នឹងចូលរួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍន៍​ទីផ្សា​រ​ផ្នែក​ទន្តសាស្ត្រ​នៅ​កម្ពុជា ឲ្យ​កាន់តែ​លូតលាស់​ថែមទៀត​៕ ល​