ក្រុមហ៊ុន Facebook បញ្ឈប់ Huawei ពី​ការដំឡើង​ជាមុន​នូវ​កម្មវិធី​របស់ខ្លួន​នៅលើ​ស្មា​ត​ហ្វូ​ន​

326
ចែករម្លែក

​ក្រុមហ៊ុន Facebook បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​ថា ខ្លួន​បាន​ឈប់​អនុញ្ញាតឱ្យ​កម្មវិធី​របស់ខ្លួន​ដាក់​ដំឡើង​ឱ្យ​ដំណើរការ​ជាមុន​នៅលើ​ស្មា​ត​ហ្វូ​ន​ដែល​លក់​ដោយ​ក្រុមហ៊ុន Huawei ដើម្បី​គោរព​ទៅតាម​ការ​រឹតត្បិត​របស់​សហរដ្ឋ​អាម៉េរិក ជា​ចំណាត់ការ​មួយ​ដែល​នឹង​វាយ​សំពង​ធ្ងន់ធ្ងរ​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​មួយ​នេះ​។​

​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​បាន​និយាយថា ខ្លួន​បាន​ផ្អាក​ការផ្តល់​កម្មវិធី Facebook សម្រាប់​ក្រុមហ៊ុន Huawei ដើម្បី​ដាក់​នៅលើ​ឧបករណ៍​របស់ខ្លួន ខណៈដែល​ក្រុមហ៊ុន​បាន​ពិនិត្យឡើងវិញ​នូវ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ដែល​បាន​ណែនាំ​នាពេល​ថ្មីៗ​នេះ​។​

​ម្ចាស់​នៃ​ស្មា​ត​ហ្វូ​ន Huawei ដែលមាន​ស្រាប់​និង​មាន​កម្មវិធី Facebook រួចហើយនោះ គឺអាច​បន្ត​ប្រើ​វា​បាន និង​ដោ​ន​ឡូត Updates ថ្មីៗ​បាន​ដដែល​។​

​ក្រុមហ៊ុន Facebook បាន​និយាយថា អ្នក​ដែលមាន​ទូរស័ព្ទ Huawei ឬ​ទិញ​ទូរស័ព្ទ​ថ្មី​អំឡុងពេល​ថ្មីៗ​នេះ នឹង​នៅតែ​អាច​ដោ​ន​ឡូត​កម្មវិធី Facebook នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​បាន​ដដែល​។​

​ចំណាត់ការ​របស់​ក្រុមហ៊ុន Facebook គឺជា​ភាព​តានតឹង​ចុងក្រោយ​បំផុត​នៅក្នុង​ជម្លោះ​បច្ចេកវិជ្ជា​រវាង​ចិន​និង​អាម៉េរិក​។​

​កាលពី​ខែ​មុន ក្រសួងពាណិជ្ជកម្ម​អាម៉េរិក​បាន​រារាំង​ក្រុមហ៊ុន​អាម៉េរិក​មិនឱ្យ​លក់​បច្ចេកវិជ្ជា​របស់ខ្លួន​ទៅ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ចិន​ផ្សេងទៀត​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​។ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឆ្លើយតប​វិញ​នៅ​សប្តាហ៍​នេះ​ដោយ​ព្រមាន​ថា​ខ្លួន​នឹង​ចេញផ្សាយ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​បរទេស “​មិន​គួរឱ្យ​ទុកចិត្ត​” នាពេល​អនាគត​៕ ដោយ៖ កញ្ញាដាលីស