ក្រុមហ៊ុន Ferrari បង្ហាញ​រថយន្ត​ថ្មី​ឥត​ដំបូល​ម៉ាក Monza តម្លៃ​ជាង​១​លាន​ដុល្លារ ហើយ​អាច​ទិញ​ជម្រើស​កៅអី​១​ឬ​កៅអី​២​ក៏បាន​

1796
ចែករម្លែក

​បន្ទាប់ពី​រូបភាព​នៃ​កំពូល​រថយន្ត​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Ferrari បាន​លេច​ធ្លាយ​លើ​អ៊ី​ន​ធឺ​ណេ​ត ម៉ាក​យីហោ​ល្បី​របស់​អ៊ីតាលី​នេះ​បានចេញ​ផ្សាយ​នូវ​រូប​ភាពជា​ផ្លូវការ​នៃ​ម៉ូ​ដែល​ផ្តាច់មុខ​ពិសេស​របស់ខ្លួន​។ ហើយ​វា​ពិតជា​អស្ចារ្យ​ទាល់តែ​មែនទែន​។​

​រូបថត​និង​វីដេអូ​ដែល​ថត​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កញ្ញា​នៅក្នុង​ព្រឹត្តិការណ៍​បិទទ្វារ​មួយ​សម្រាប់​អតិថិជន​ដ៏​ស្មោះត្រង់​បំផុត​របស់​ក្រុមហ៊ុន​អ៊ីតាលី​នេះ​បានបង្ហាញ​នូវ​ម៉ូត​អស្ចារ្យ​បំផុត​នៃ​រថយន្ត​ថ្មី​នេះ ដែល​ត្រូវបាន​រចនា​ឡើង​យកតាម​រូបរាង​រថយន្ត​ប្រណាំង​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០​។​

​ក្រុមហ៊ុន​បានបញ្ជាក់​ថា រថយន្ត​នេះ​មាន​២​ប្រភេទ​សម្រាប់​ជ្រើសរើស គឺ SP1 មាន​កៅអី​១ និង SP2 មាន​កៅអី​២ ដែល​ទាំង​២​ម៉ូ​ដែល​នេះ​គឺ​អត់​ដំបូល​ដូចគ្នា ហើយ​ក្រុមហ៊ុន Ferrari អះអាងថា អ្នកជិះ​នឹងមាន​អារម្មណ៍​ដូច​កំពុងបើក​រថយន្ត​ប្រណាំង F1 អ៊ីចឹង​។​

​បន្ទាប់ពី​បានបង្ហាញ​ជា​លើកដំបូង​នៅក្នុង​ការណែនាំ​ត្រួសៗ​ជា​លក្ខណៈ​ឯកជន​ដែល​បាន​ប្រារព្ធ​ឡើង​នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Ferrari ព័ត៌មាន​លម្អិត​បន្ថែម​អំពី​រថយន្ត​ទំនើប​នេះ​ត្រូវបាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​។​

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា រថយន្ត​នេះ​នឹង​ផ្តោត​គោលដៅ​ទៅលើ​អតិថិជន “​ដែល​ស្រឡាញ់​រថយន្ត​ម៉ាក​ល្បី​” និង​អ្នកដើរ​ប្រមូល​ទិញ​រថយន្ត ហើយនឹង​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​រថយន្ត​ប្រណាំង Ferrari ល្បីៗ​ជំនាន់​មុន រួមមាន​ដូចជា​រថយន្ត 166 MM ឆ្នាំ ១៩៤៨ និង រថយន្ត 750 Monza និង 860 Monza​។​

​ក្រុមហ៊ុន​នឹង​ផលិត​ម៉ូ​ដែល​ថ្មី​នេះ​តែ ៥០០ គ្រឿង​ប៉ុណ្ណោះ ហើយ​ក្នុង​មួយគ្រឿងៗ​គឺមាន​តម្លៃ ១,៣២ លាន​ដុល្លារ​។​

​រថយន្ត Monza ស៊េរី​ថ្មី​នេះ​គឺ​បំពាក់​ម៉ាស៊ីន​ប្រភេទ 6.5-litre V12 ដូចគ្នា​ទៅនឹង​រថយន្ត Ferrari 812 ដែរ ជាមួយ​កម្លាំង ៨១០ សេះ និង មាន​សន្ទុះ​ល្បឿន ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ២,៩ វិនាទី​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Monza ស៊េរី​ថ្មី​នេះ​មាន ២ ប្រភេទ​ឱ្យ​ជ្រើសរើស គឺ SP1 មាន​កៅអី​១ និង SP2 មាន​កៅអី​២