ក្រុមហ៊ុន Ford ប្រកាស​ការខាតបង់​ប្រាក់​ចំណេញ​ត្រីមាស​ទី​៤ ដោយសារ​ការលក់​ចុះខ្សោយ​នៅ​ចិន​និង​អឺរ៉ុប​

442
ចែករម្លែក
  • 56
    Shares

​កាលពី​ថ្ងៃ​ពុធ​ទី​២៣​មករា ក្រុមហ៊ុន Ford បាន​រាយការណ៍​ពី​ការខាតបង់​ចំនួន ១១២ លាន​ដុល្លារ​នៅ​ត្រីមាស​ទី​បួន បន្ទាប់ពី​ការលក់​ចុះខ្សោយ​នៅ​ចិន​និង​អឺរ៉ុប​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​អាមេរិក​នេះ ដែល​រកប្រាក់​ចំណេញ ២,៥ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ក៏បាន​និយាយ​ផងដែរ​ថា ការចំណាយ​សោធន​និវត្តន៍​ចំនួន ៨៧៧ លាន​ដុល្លារ​ជា​កត្តា​មួយ​នៃ​ការខាតបង់​ផងដែរ ដែល​សារព័ត៌មាន Bloomberg News និយាយថា​វា​គ្រាន់តែ​ជា​ត្រីមាស​ទី​ពីរ​របស់ខ្លួន​ប៉ុណ្ណោះ​ដែល​ខាតបង់ ចាប់តាំងពី​ដើមឆ្នាំ ២០០៩​។​

​ប្រាក់ចំណូល​បាន​កើនឡើង ១២ ភាគរយ​ស្មើនឹង ៤១,៨ ពាន់​លាន​ដុល្លារ​។​

​ប្រាក់ចំណេញ​ប្រតិបត្តិការ​បាន​កើនឡើង​នៅ​អាមេរិក​ខាងជើង បន្ទាប់ពី​ការលក់​ដ៏​ខ្លាំងក្លា​នៃ​រថយន្ត​ធំៗ ដូចជា​រថយន្ត​ស្ព័​រ​និង​រថយន្ត​ភី​ក​អាប់​។​

​ប៉ុន្តែ​ក្រុមហ៊ុន Ford បាន​ខាតបង់​ប្រាក់ចំណេញ​ប្រតិបត្តិការ​ចំនួន ១៩៩ លាន​ដុល្លារ​នៅ​តំបន់​អឺរ៉ុប​និង​ខាតបង់ ៣៨១ លាន​ដុល្លារ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយសារ​ការលក់​ចុះខ្សោយ​នៅ​ចិន​។​

​ក្រុមហ៊ុន​នេះ​ក៏បាន​ខាតបង់​ប្រាក់ចំណេញ​ប្រតិបត្តិការ​នៅ​អាមេរិក​ខាងត្បូង​និង​មជ្ឈិមបូព៌ា​ព្រមទាំង​តំបន់​អាហ្វ្រិក​ផងដែរ​។​

​កាលពី​ឆ្នាំមុន​ក្រុមហ៊ុន Ford បានប្រកាសថា​ខ្លួន​នឹង​ផ្អាក​ការផលិត​រថយន្ត​ពពួក Sedan និង​រថយន្ត​ខ្នាតតូច​ស្ទើរតែ​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​ដើម្បី​សន្សំ​ប្រាក់​ចំនួន ១១ ពាន់​លាន​ដុល្លារ​ហើយ​កាលពីដើម​ខែមករា​នេះ​បានប្រកាស​អំពី​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​នូវ​ប្រតិបត្តិការ​អឺរ៉ុប​របស់ខ្លួន​ដើម្បី​បង្កើន​ប្រាក់ចំណេញ​រួមទាំង​លទ្ធភាព​កាត់បន្ថយ​ការងារ​រាប់ពាន់​ផងដែរ​។​

​ក្រុមហ៊ុន​ក៏បាន​ប្រកាស​សម្ព័ន្ធភាព​ជាមួយ​ក្រុមហ៊ុន Volkswagen ដើម្បី​អភិវឌ្ឍ​រថយន្ត​ពាណិជ្ជកម្ម​និង​ស្វែងរក​ឱកាស​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ​នៅក្នុង​រថយន្ត​ស្វ័យប្រវត្តិ​និង​បច្ចេកវិជ្ជា​លេចឡើង​ថ្មីៗ​ជាច្រើន​ទៀតផង​ដែរ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Ford ក៏បាន​ខាតបង់​ប្រាក់ចំណេញ​ប្រតិបត្តិការ​នៅ​អាមេរិក​ខាងត្បូង​និង​មជ្ឈិមបូព៌ា​ផងដែរ