ក្រុមហ៊ុន Google និង Facebook ចេញមុខ​និយាយ​អំពី​ការបំបែកបំបាក់​កូនៗ​ពី​ឪពុកម្តាយ​អន្តោប្រវេសន៍​ខុសច្បាប់​នៅ​អាមេរិក​

936
ចែករម្លែក

​ពួក​មេដឹកនាំ​អាជីវកម្ម​មួយចំនួន​បាន​ថ្កោលទោស​ការសម្រេចចិត្តរ​បស់​រដ្ឋបាល​ត្រាំ​ក្នុងការ​បំបែក​កុមារ​ពី​ឪពុកម្តាយ ដែល​គេ​ចោទប្រកាន់ថា​បាន​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់ តែ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ការ​ថ្កោលទោស​នេះ​មាន​ឥទ្ធិពល​ឬ​អត់​នោះ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក បាន​និយាយថា លោក​បាន​បរិច្ចាគ​ប្រាក់​ឱ្យទៅ​ក្រុម​អង្គការ​ជាច្រើន​ដែល​ជួយ​ដល់​គ្រួសារ​ជនអន្តោប្រវេសន៍​ទទួល​បានការ​ប្រឹក្សា​ផ្នែក​ច្បាប់​និង​សេវាកម្ម​បកប្រែ​នៅតាម​ព្រំដែន​។ គាត់​ក៏បាន​សុំឱ្យ​អ្នកដទៃ​ធ្វើ​ដូច​គាត់​ផងដែរ​។ ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយថា អនីតិជន​ប្រហែល ២.៣០០ នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​របស់​ពួកគេ​នៅឯ​ព្រំដែន​រវាង​ថ្ងៃទី ៥ និង​ទី ៩ ខែមិថុនា​។​

​លោក​ហ្សា​ក់​ឃើ​បឺ​កបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​យើង​ត្រូវ​បញ្ឈប់​គោលនយោបាយ​នេះ​ឥឡូវនេះ​”​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Google លោក ស៊ុន​ដា ពី​ចៃ បាន​បង្ហោះ​លើ​ធ្វី​ត​ធឺ​នូវ​រឿងរ៉ាវ​និង​រូបភាព​អំពី​ការបំបែកបំបាក់​គ្រួសារ​ថា “​គួរឱ្យ​សង្វេគ​” ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត The Irish Times នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក ធី​ម ឃុ​គ បាន​និយាយថា​គោលនយោបាយ​នេះ គឺ “​អមនុស្សធម៌​ពេក​ហើយ​។ វា​ត្រូវតែ​បញ្ឈប់​” ។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​របស់​ស្ថាបនិក​ទាំង​៣​របស់​ក្រុមហ៊ុន Airbnb បាន​និយាយថា ការ​បំបែក​កូនៗ​ចេញពី​គ្រួសារ​របស់​ពួកគេ​គឺ “​គ្មាន​មេ​ត្ដា ឃោរឃៅ អសីលធម៌ និង​ប្រឆាំងនឹង​តម្លៃ​នៃ​ភាពជា​កម្មសិទ្ធិ​របស់​ជ​ន​ជាតិ​អាមេរិក​”​។​

​ក្រុម​ជំនួញ​អភិរក្សនិយម​ក៏បាន​បញ្ចេញមតិ​អំពី​រឿងនេះ​ផងដែរ​។ ក្រុម Business Roundtable ដែល​តំណាងឱ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Walmart ក្រុមហ៊ុន General Motors ក្រុមហ៊ុន Boeing ក្រុមហ៊ុន JPMorgan Chase ក្រុមហ៊ុន Mastercard និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បាន​ជំរុញ​ឱ្យ​បញ្ចប់​គោលនយោបាយ​នេះ​ភ្លាម​។ សភាពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក​ដែល​តំណាងឱ្យ​អាជីវកម្ម​ខ្នាតតូច​និង​ខ្នាត​ធំ​ជាង ៣ លាន​ក៏​ទទូច​ឱ្យ​បញ្ចប់​គោលនយោបាយ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សា​ក់​ឃើ​បឺ​ក សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​យើង​ត្រូវ​បញ្ឈប់​គោលនយោបាយ​នេះ​ឥឡូវនេះ​”