ក្រុមហ៊ុន Harley-Davidson បង្ហាញ​ម៉ូតូ​ធំ​អគ្គិសនី​តម្លៃ ៣០.០០០ ដុល្លារ​ស្ទុះ​លឿន​ដូច​ម៉ូតូ​ប្រណាំង​

497
ចែករម្លែក
  • 22
    Shares

​ក្រុមហ៊ុន Harley-Davidson បានបង្ហាញ​ម៉ូតូ​អគ្គិសនី​លើកដំបូង​របស់ខ្លួន​នៅ​ពិព័រណ៍ CES ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ម៉ូតូ “​មួរ​ហ្គែ​រ​ភ្លាម​ទៅមុខ​ភ្លែត​” នេះ​គឺ​ពុំមាន​ឈ្នាន់​ដាក់​លេខ​និង​បំពង់​ស៊ី​ម៉ាំង​ទេ ប៉ុន្តែ​ជាមួយ​ហ្គែ​រ​មួរ​បង្កើនល្បឿន​ទៅមុខ​យ៉ាង​ងាយស្រួល ក្រុមហ៊ុន​នេះ​សង្ឃឹមថានឹង​យកឈ្នះ​ចិត្ត​អតិថិជន​ដែល​គាំទ្រ​ម៉ូតូ​ធំ Harley ជា​យូរ​មកហើយ​នោះ​។​

​ដោយមាន​ឈ្មោះថា ម៉ូតូ LiveWire ម៉ូតូ​អគ្គិសនី (EV) ដំបូង​របស់​ក្រុមហ៊ុន Harley អាច​បើក​ក្នុង​ល្បឿន​អតិបរមា ១៩៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បើកបរ​ទាំង​ក្នុង​ទីក្រុង​និង​ផ្លូវ​ហាយ​វេ​បាន​ចម្ងាយ ១៧៧ គីឡូម៉ែត្រ​។ ក្រុមហ៊ុន Harley-Davidson និយាយថា ម៉ូតូ​នេះ​អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើពេល​ត្រឹម ៣,៥ វិនាទី​ប៉ុណ្ណោះ​។​

​ការបញ្ជាទិញ​ជាមុន​សម្រាប់​ម៉ូតូ​តម្លៃ ៣០.០០០ ដុល្លារ​នេះ​ឥឡូវ​បាន​បើក​នៅ​សហរដ្ឋអាមេរិក​ហើយ​។ ម៉ូតូ​នេះ​នឹង​ចាប់​នាំ​ចេញទៅ​លក់​ក្រៅ​ស្រុក​នៅត្រឹម​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៩ នេះ​៕ ដោយ៖ កញ្ញាដាលីស