ក្រុមហ៊ុន Hino និង ក្រុមហ៊ុន VW ចាប់​ដៃគូ​គ្នា​ផលិត​រថយន្ត​បំពាក់​ប​ច្ចក​វិជ្ជា​ស្វ័យប្រវត្តិ​កូនកាត់​

492

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​មេសា​នេះ ក្រុមហ៊ុន Hino Motors ដែលជា​បុត្រ​សម្ព័ន្ធ​ផលិត​រថយន្ត​ខ្នាត​ធំ​របស់​ក្រុមហ៊ុន Toyota Motor Corp. និង​ក្រុមហ៊ុន Volkswagen Truck & Bus របស់​អាល្លឺម៉ង់​បាន​យល់ព្រម​សហការគ្នា​លើ​បច្ចេកវិជ្ជា​ដូចជា រថយន្ត​កូនកាត់ រថយន្ត​អគ្គិសនី បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង ការតភ្ជាប់​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​។​

​ក្រោម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន​ទាំង​២​នឹង​រក្សា​ភាព​ឯករាជ្យ​រៀងៗ​ខ្លួន ប៉ុន្តែ​ក្រុមការងារ​ប្រតិបត្តិ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​គូសវាស​ផែនទី​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​ប្រកបដោយ​ការច្នៃប្រឌិត​។​

​ការមកដល់​នៃ​យុគសម័យ​ឌីជីថល​និង​មនុស្ស​យន្ត​នៅក្នុង​ឧស្សាហកម្ម​យានយន្ត​កំពុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជុំវិញ​ពិភពលោក​ឱ្យ​ផលិត​យានយន្ត​ដែល​ភ្ជាប់​អ៊ី​ធឺ​ណេ​ត ឬ បញ្ចៀស​គ្រោះថ្នាក់​ដោយ​ស្វ័យប្រវត្តិ​។​

​ការចាប់​ដៃគូ​គ្នា​អាចជួយ​កាត់បន្ថយ​ចំណាយ​និង​បង្កើន​ការប្រកួតប្រជែង​។ ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​ក៏​កំពុង​ព្យាយាម​ឆ្លើយតប​នឹង​ការជំរុញឱ្យ​កាត់បន្ថយ​ការកើនឡើង​កម្តៅ​ផែនដី និង​ការបំពុល​បរិស្ថាន ដោយ​ការអភិវឌ្ឍ​យានយន្ត​ស៊ី​ថាមពល​ស្អាត​មិន​ប៉ះពាល់​បរិស្ថាន​។​

​លោក យ៉ូ​ស៊ី​ណូ ស៊ី​ម៉ូ ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hino Motors បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​រួមគ្នា ដោយសារតែ​ក្រុមហ៊ុន​ទាំងពីរ​គោរព​គ្នា​ទៅវិញទៅមក និង មាន​គោលដៅ​ដូចគ្នា​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Hino និង ក្រុមហ៊ុន VW ចាប់​ដៃគូ​គ្នា​ផលិត​រថយន្ត​បំពាក់​ប​ច្ចក​វិជ្ជា​ស្វ័យប្រវត្តិ​កូនកាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍