ក្រុមហ៊ុន Honda នឹង​វិនិយោគ​ជិត ២,៨ ពាន់​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុនមេ GM

769

​ក្រុមហ៊ុន Honda នឹង​វិនិយោគ ២,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក និង កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ GM Cruise របស់​ក្រុមហ៊ុនមេ GM Motors ខណៈដែល​ក្រុមហ៊ុន​ទាំង​២​បន្ត​សហការគ្នា​ក្នុងការ​ប្រណាំងប្រជែង​ដើម្បី​ផលិត​រថយន្ត​ស្វ័យប្រវត្តិ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ​បាន​និយាយថា ខ្លួន​ចង់​អភិវឌ្ឍ​រថយន្ត​បើកបរ​ខ្លួនឯង ដែល​អាច​នឹង​ផលិតឡើង​ក្នុង​ចំនួន​ដ៏​ច្រើន​។​

​កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន Softbank របស់​ជប៉ុន​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ២,២៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ក្រុមហ៊ុន GM Cruise ។​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Honda បាន​កើនឡើង ១,២​ភាគរយ​នៅក្នុង​ការជួញដូរ​ពេលព្រឹក​បន្ទាប់ពី​ការប្រកាស​នេះ ហើយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន GM បាន​កើនឡើង ២,១​ភាគរយ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​ក្រុមហ៊ុន​ទាំង​២​បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន Honda នឹង​ផ្តល់​វិភាគទាន​ប្រហែល ២ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​រយៈពេល ១២ ឆ្នាំ​ចំពោះ​គំនិត​ផ្តួចផ្តើម​លើ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ ដែល​រួម​ជាមួយនឹង​ការវិនិយោគ​ហ៊ុន​ក្នុង​ទឹកប្រាក់​ចំនួន ៧៥០ លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន GM Cruise ដោយ​នាំឱ្យ​ទឹកប្រាក់​វិនិយោគ​សរុប​ដល់​គម្រោង​នេះ​មាន​ចំនួន ២,៧៥ ពាន់​លាន​ដុល្លារ​។​

​ក្រុមអ្នកវិភាគ​បាន​និយាយថា GM គឺ​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​អភិវឌ្ឍ​យានយន្ត​បើកបរ​ដោយ​ខ្លួនឯង​។​

​ការវិនិយោគ​របស់​ក្រុមហ៊ុន Honda ក្នុង​ក្រុមហ៊ុន GM Cruise រួម​ជាមួយនឹង​ការវិនិយោគ​ថ្មីៗ​នេះ​របស់​ក្រុមហ៊ុន Softbank នាំឱ្យ​ក្រុមហ៊ុន GM Cruise មានតម្លៃ ១៤,៦ ពាន់​លាន​ដុល្លារ​។​

​ក្រុមហ៊ុន GM ត្រូវបាន​គេ​រិះគន់​ចំពោះ​ការចំណាយ​ច្រើន​ហួសប្រមាណ​សម្រាប់​ក្រុមហ៊ុន GM Cruise នៅពេលដែល​ខ្លួន​បាន​ទិញ​ភាគហ៊ុន​ធំ​មួយ​នៅក្នុង​ក្រុមហ៊ុន​ថ្មីថ្មោង​នេះ​កាលពី​២​ឆ្នាំមុន​ក្នុងតម្លៃ ១ ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន GM បាន​ពង្រីក​ការសាកល្បង​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ Cruise នៅតាម​ដងផ្លូវ​និង​ទីក្រុង​ជាច្រើន