ក្រុមហ៊ុន Honor ផ្តោត​គោលដៅ​លើ​អ្នក​ចូលចិត្ត​ថត​ស៊ែ​ល​ហ្វ៊ី ជាមួយ​ទូរស័ព្ទ​ស៊េរី​ថ្មី​

190
ចែករម្លែក

​ក្រុមហ៊ុន Honor ដែលជា​យីហោ​ឯករាជ្យ​របស់​ក្រុមហ៊ុន Huawei Technologies Co បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយបង្អស់​របស់ខ្លួន ឈ្មោះថា Honor 20S ដែលជា​ផ្នែក​មួយ​នៃ​ការជំរុញឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ផ្តោតលើ​អ្នកប្រើប្រាស់​វ័យក្មេង​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វ៊ី​។​

​លោក ចាវ មីង ប្រធាន​ក្រុមហ៊ុន Honor បាន​និយាយថា ឧបករណ៍ ដែលមាន​តម្លៃ​ចាប់ពី ១.៨៩៩ យ័ន (២៦៧ ដុល្លារ​) នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វ៊ី​។ វា​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ​ថត​ស៊ែ​ល​ហ្វ៊ី​ដែលមាន​ទំហំ ៣២ មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​ថតរូប​បាន​ស្អាត​ល្អ​នៅពេល​យប់​។​

​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​នេះ​មាន​ផ្ទុក​កាមេរ៉ា​ទំហំ ៤៨ មេ​ហ្គា​ភិ​ច​សែ​ល​មួយ​គ្រាប់​បូក​ជាមួយ​កាមេរ៉ា​២​គ្រាប់​ទៀត​មាន​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល និង ៣ មេ​ហ្គា​ភិ​ច​សែ​ល​។ វា​ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ​ដំណើរការ HiSilicon Kirin 810 ដែលជា​បន្ទះ​ឈី​ប​ផលិត​ដោយ​ក្រុមហ៊ុន Huawei ផ្ទាល់​។

​លោក​ចាវ​បាន​បន្ថែមទៀតថា កាមេរ៉ា​របស់​វា​ក៏​ត្រូវបាន​បំពាក់​ដោយ​មុខងារ​កែសម្រួល AI ផងដែរ​ដើម្បី​ជួយ​កែ​រូប Selfie ឱ្យ​ល្អឥតខ្ចោះ​។​

​ស្មា​ត​ហ្វូ​ន Honor 20S ភ្ជាប់​មកជា​មួយ​អេក្រង់​ទំហំ ៦,២៦ អ៊ី​ញ ជាមួយនឹង​ស្នាម​រន្ធ​នៅ​ខាងឆ្វេង​ផ្នែក​ខាងលើ ដែល​ផ្ទុក​កាមេរ៉ា​ខាងមុខ​។​

​លោក​ចាវ​និយាយថា ការលក់​របស់​ក្រុមហ៊ុន Honor នៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ស្ទុះ​ឡើងដល់​កម្រិត​ធម្មតា បើទោះបីជា​រដ្ឋាភិបាល​អាម៉េរិក​បាន​ហាមឃាត់​ក្រុមហ៊ុន Huawei កាលពី​ខែឧសភា​ពី​ការប្រើ​បច្ចេកវិជ្ជា​សំខាន់ៗ​របស់​សហរដ្ឋ​អាម៉េរិក​រួមទាំង​ការធ្វើ​បច្ចុប្បន្នភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​ក៏ដោយ​។​

​ប៉ុន្តែ​អត្រាកំណើន​នៅតែ​មិនបាន​បំពេញ​តាម​ការរំពឹងទុក​រប​ស់គា​ត់​។ លោក​បន្ថែមថា ក្រុមហ៊ុន​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការលក់​៕ ដោយ ៖ កញ្ញាដាលីស

Honor 20S គឺ​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​ថតរូប​ស៊ែ​ល​ហ្វ៊ី

#