ក្រុមហ៊ុន HP, Dell និង Microsoft កំពុង​សម្លឹងមើល​លទ្ធភាព​រើ​រោងចក្រ​ផលិត​ចេញពី​ប្រទេស​ចិន​

472
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​សកលលោក​ដូចជា​ក្រុមហ៊ុន HP ក្រុមហ៊ុន Dell ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Amazon កំពុង​សម្លឹងមើល​ការ​រើ​សមត្ថភាព​ផលិតកម្ម​ចេញពី​ប្រទេស​ចិន ដោយ​ចូលរួម​ការចាកចេញ​កាន់តែ​ច្រើនឡើង ដែល​គំរាម​បំផ្លាញ​ឋានៈ​របស់​ប្រទេស​នេះ​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ខាង​ផលិត​ឧបករណ៍​បច្ចេកវិជ្ជា​។​

​ក្រុមហ៊ុន HP និង Dell ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​លំដាប់​លេខ​១​និង​លេខ​៣​នៅលើ​ពិភពលោក​ដែលមាន​ចំណែក​ទីផ្សារ​ពិភពលោក​រួមគ្នា ៤០ ភាគរយ គ្រោង​នឹង​រើចេញ​នូវ​ផលិតកម្ម​កុំព្យូទ័រ​យួរដៃ​រហូតដល់​ទៅ ៣០ ភាគរយ​ចេញពី​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ប្រភព​ជាច្រើន​បាន​ប្រាប់​សារព័ត៌មាន Nikkei Asian Review ។​

​ប្រភព​ជាច្រើន​បាន​ប្រាប់​សារព័ត៌មាន Nikkei Asian Review ថា​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុន Amazon ក្រុមហ៊ុន Sony និង​ក្រុមហ៊ុន Nintendo ក៏​កំពុង​សម្លឹងមើល​ការ​រើ​ទីតាំង​ផលិត​ក្បាល​ហ្គេម​និង​ឧបករណ៍​បំពង​សំឡេង​ឆ្លាត​វៃ​ចេញពី​ប្រទេស​ចិន​ផងដែរ​។ យោងតាម​អ្នកដឹង​ពី​បញ្ហា​នេះ​បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ឈានមុខ​ដទៃទៀត​ដូចជា Lenovo Group, Acer និង Asustek Computer ក៏​កំពុង​វាយតម្លៃ​ផែនការ​រើ​ទីតាំង​ផលិត​របស់ខ្លួន​ផងដែរ​។​

​ផែនការ​រើ​រោងចក្រ​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ ដែល​ជំរុញ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង មិនមាន​ការផ្លាស់ប្តូរ​នោះទេ ទោះបី​ជាមាន​ការផ្អាក​ធ្វើសង្គ្រាម​បណ្តោះអាសន្ន​រវាង​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ទីក្រុង​អូ​សា​កា​កាលពី​សប្តាហ៍​មុន​ក៏ដោយ​។ ប្រភព​ជាច្រើន​បាន​និយាយថា​ស្ថានភាព​នៅតែមាន​ភាពមិន​ច្បាស់លាស់​ខណៈដែល​ការកើនឡើង​ថ្លៃដើម​នៅក្នុង​ប្រទេស​ចិន​ក៏​ជំ​រុញឱ្យ​ក្រុមហ៊ុន​ផលិត​នានា​ពិនិត្យមើល​ជម្រើស​ទីតាំង​ផ្សេង​ជំនួស​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ល្បីៗ​លើ​ពិភពលោក​កំពុង​ត្រៀម​ផែនការ​រើ​រោងចក្រ​ចេញពី​ចិន