ក្រុមហ៊ុន Huawei និយាយអួត​អំពី​កម្មវិធី​នៅលើ​ទូរស័ព្ទ​ថ្មី Mate 30 ដើម្បី​ប្រជែង​ជាមួយ Apple និង Samsung

596
ចែករម្លែក

​ក្រុមហ៊ុន Huawei បានបង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ iPhone 11 របស់​ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​កញ្ញា​ដោយនិយាយ​អំពី​ការ​រចនា​ម៉ូត​ដ៏​រលើបរលោង​និង​លក្ខណៈពិសេស​ល្អ​បំផុត​ជាច្រើន​របស់ខ្លួន ខណៈ​និយាយ​សម្រាល​អំពី​ការព្រួយបារម្ភ​នៃ​កង្វះ​លទ្ធភាព​ចូល​ប្រើ​កម្មវិធី​ពេញនិយម​របស់ Google​។​

​នៅក្នុង​ការដាក់​បង្ហាញ​ទូរស័ព្ទ​របស់ខ្លួន​នៅ​ទីក្រុង​មុយ​និ​ច​ប្រទេស​អាល្លឺម៉ង់ ក្រុមហ៊ុន​ចិន​នេះ​បាន​និយាយថា ទូរស័ព្ទ​ថ្មី Mate 30 Pro និង Mate 30 របស់ខ្លួន​កាន់តែ​ហាប់​ណែន​តូច​ជាង​មុន កាមេរ៉ា​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ និង អេក្រង់​ថ្លា​ច្បាស់​ជាង​ទូរស័ព្ទ iPhone ចុងក្រោយបង្អស់​របស់ Apple​។​

​លោក រី​ឆាត យូ ប្រធាន​ផ្នែក​លក់បាន​និយាយថា ការភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​គឺ​លឿន​ជាង ៥០​ភាគរយ​នៃ​ទូរស័ព្ទ 5G របស់​ក្រុមហ៊ុន Samsung​។​

​វា​ជាការ​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដំបូងបង្អស់​របស់​ក្រុមហ៊ុន Huawei ចាប់តាំងពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​វាយ​សំពង​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន​លេខ ២ របស់​ពិភពលោក​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នេះ ជាមួយនឹង​ការហាមឃាត់​ការនាំចេញ​បច្ចេកវិជ្ជា​អាម៉េរិក​ឱ្យទៅ​ក្រុមហ៊ុន​ចិន​នេះ​កាលពី​ខែឧសភា​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រារាំង​ក្រុមហ៊ុន​អាម៉េរិក​ទាំងអស់​មិនឱ្យ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Huawei ទេ ដោយ​ចោទប្រកាន់ថា​ក្រុមហ៊ុន​នេះ​ជា​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ព្រោះថា​ឧបករណ៍​របស់ខ្លួន​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ចារកម្ម ជា​អ្វីដែល​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ចិន​នេះ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​។​

​លទ្ធផល​គឺថា​ស្មា​ត​ហ្វូ​ន Mate 30 មិនមាន​សិទ្ធិ​ចូល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ដែលមាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ចល័ត​ដទៃទៀត រួមមាន Play Store និង​កម្មវិធី​ពេញនិយម​ដូចជា Gmail, Youtube ឬ Maps ដែល​ទាំងអស់​សុទ្ធតែជា​ជនរងគ្រោះ​ពី​ការហាមឃាត់​។​

​ទោះយ៉ាងណា ក្រុមហ៊ុន Huawei នៅតែ​ដាក់​បង្ហាញ​ទូរស័ព្ទ​ថ្មី​តាម​ការគ្រោងទុក ដោយ​ហ៊ាន​ភ្នាល់​ថា ហាដវែ​ល​និង​ម៉ូត​ឌី​ហ្សា​ញ​ល្អឥតខ្ចោះ​របស់ Mate 30 នឹង​នៅតែ​អាច​យកឈ្នះ​លើ​អ្នកគាំទ្រ​។​

​លោក​យូ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​នេះ​គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​បានល្អ​បំផុត​នៅលើ​ពិភពលោក​។ ត្រូវ​ហើយ យើង​មាន​ដែន​កំណត់​មួយចំនួន​លើ​សេវាកម្ម​ទូរស័ព្ទ​ចល័ត​របស់ Google ។ ប៉ុន្តែ​យើង​មានគុណ​សម្បត្តិ​យ៉ាងច្រើន​សម្បើម​ជាមួយ​ទូរស័ព្ទ​នេះ​ខ្លួន​វា​ផ្ទាល់​”​។​

​កាមេរ៉ា​៣​គ្រាប់​របស់ Mate 30 Pro អាច​នាំមក​នូវ​រូបភាព​ដ៏​រស់​រវើក​នៅ​កន្លែង​ដែលមាន​ពន្លឺ​តិច​។ កាមេរ៉ា​ថត​វីដេអូ​របស់​វា​មាន​កម្រិត​ដល់​ទៅ ៤០ មេ​ហ្គា​ភិ​ច​សែ​ល ហើយ​អាច​ថត​វីដេអូ​ចលនា​យឺតៗ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ល្បឿន ៧.៦៨០ ហ្វ្រេ​ម​ក្នុង​មួយ​វិនាទី ដែលជា​ចំនួន​ហ្វ្រេ​ម​ច្រើនណាស់​ធៀប​នឹង​គូប្រជែង​ជិត​បំផុត​របស់​វា​។​

​អេក្រង់ OLED ទំហំ ៦,៥៣ អ៊ី​ញ​គឺ​ស្រោប​ព័ទ្ធជុំវិញ​តួ​បាន​ច្រើនជាង​ម៉ូ​ដែល​មុនៗ ដែល​ធ្វើឱ្យ​វា​មើលទៅ​ធំ​ជាង​អេក្រង់​នៅលើ iPhone 11 Pro Max នៅលើ​ឧបករណ៍​តូច​ជាង​មុននេះ​។​

​លោក​យូ​និយាយថា Mate 30 នឹង​ដឹកជញ្ជូន​ទៅកាន់​ទ្វីបអឺរ៉ុប​នៅ​ខែក្រោយ ហើយនឹង​មាន​លក់​នៅក្នុង​ប្រទេស​ចិន​ចាប់ពី​សប្តាហ៍​ក្រោយ​។ ទូរស័ព្ទ Mate 30 នឹងមាន​តម្លៃ​ចាប់ពី ៧៩៩ អឺរ៉ូ (៨៨៤ ដុល្លារ​) ទូរស័ព្ទ Mate 30 Pro លំដាប់​កំពូល​គឺមាន​តម្លៃ​ចាប់ពី ១.០៩៩ អឺរ៉ូ និង Mate 30 Pro 5G មានតម្លៃ​ចាប់ពី ១.១៩៩ អឺរ៉ូ​។​

​ក្រុមហ៊ុន Huawei ក៏មាន​ម៉ូ​ឌែ​ល Porsche Design ដ៏​ប្រណីត​ផងដែរ​លក់​ក្នុងតម្លៃ ២.០៩៥ អឺរ៉ូ​។​

​ទូរស័ព្ទ Galaxy S10 5G របស់​ក្រុមហ៊ុន Samsung លក់រាយ​ក្នុងតម្លៃ ១.២៩៩ ដុល្លារ ហើយ iPhone 11 Pro ចាប់ផ្តើម​នៅ​តម្លៃ ៩៩៩ ដុល្លារ​តែ​ខ្វះ​ប្រព័ន្ធ 5G៕​ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei ដាក់​បង្ហាញ​ទូរស័ព្ទ Mate 30 នៅ​ទីក្រុង​មុយ​និ​ច​កាល​ពីថ្ងៃ​ព្រហស្បតិ៍