ក្រុមហ៊ុន Huawei ពន្យារពេល​ដាក់លក់​ទូរស័ព្ទ​អាច​បត់​បាន Mate X នៅលើ​ពិភពលោក ដើម្បី​ធ្វើតេស្ត​មើល​បន្ថែមទៀត​

806
ចែករម្លែក

​ក្រុមហ៊ុន Huawei នឹង​ពន្យារពេល​៣​ខែ​នៃ​ការ​ដាក់លក់​ទូរស័ព្ទ Mate X ដែលជា​ទូរស័ព្ទ​បត់​បាន​មាន​សមត្ថភាព​៥G ដែល​គេ​ទន្ទឹង​ចង់ឃើញ​បំផុត​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើតាម​លោក វីន​សិន ប៉ាង ដែលជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាជីវកម្ម​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​ចិន​បានឱ្យដឹង​នៅ​ខាងក្រៅ​សន្និសីទ WSJ Tech D.Live នៅ​ទីក្រុង​ហុងកុង​។​

​ក្រុមហ៊ុន Huawei បានដាក់​បង្ហាញ​ទូរស័ព្ទ Mate X កាលពី​ខែកុម្ភៈ ជាមួយ​តម្លៃ​ប្រហែល ២.៦០០ ដុល្លារ​។​

​ស្មា​ត​ហ្វូ​ន​នេះ​គ្រោង​នឹង​ចាប់ផ្តើម​លក់​នៅ​ខែមិថុនា​នេះ ប៉ុន្តែ​ឥឡូវនេះ​ត្រូវគេ​រំពឹងថា​នឹង​ចេញលក់​នៅ​ទូទាំង​ពិភពលោក​នៅ​ខែកញ្ញា​វិញ​។ នេះ​បើតាម​សម្តី​លោក​ប៉ាង ដែល​លើកឡើង​ពី​តម្រូវការ​សម្រាប់​ការធ្វើ​តេស្ត​បន្ថែមទៀត​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​នៃ​រចនាសម្ព័ន្ធ​បត់បែន​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រើ​ស្រួល​ជាមួយ App ផ្សេងៗ​។​

​លោក​បាន​និយាយ​បន្ទាប់ពី​ទូរស័ព្ទ Galaxy Fold របស់​ក្រុមហ៊ុន Samsung ដំណើរ​ការមិន​ស្រួល យ៉ាង​ដូច្នេះ​ថា ក្រុមហ៊ុន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ លោក​បាន​បន្ថែមថា​ក្រុមហ៊ុន Huawei មិន​ចង់​ដាក់លក់​ផលិតផល​ដែល​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​នោះទេ​។​

​ទន្ទឹមនឹង​នេះដែរ លោក​ប៉ាង​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ក្រុមហ៊ុន Huawei អាច​នឹង​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng របស់ខ្លួន ដែល​កំពុង​សាកល្បង​ក្នុង​រយៈពេល​៩​ខែ​។​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​បាន​ចុះបញ្ជី​ពាណិជ្ជ​ម៉ាក​យីហោ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Hongmeng ដែល​បង្កើត​ដោយ​ខ្លួនឯង បន្ទាប់ពី​ការដាក់​ពាក្យស្នើសុំ​ក្នុងស្រុក​កាលពី​ខែសីហា​ឆ្នាំមុន​។ ឥឡូវនេះ​ប្រទេស​ជាច្រើន​បានទទួល​ពាក្យសុំ​ម៉ាក​យីហោ​នេះ​ពី​ក្រុមហ៊ុន Huawei ។​

​លោក​ប៉ាង​បាន​និយាយថា “​ការពេញចិត្ត​របស់​យើង​ច្បាស់​ណាស់​គឺ Google និង Android ព្រោះ​យើង​ក្លាយជា​ដៃគូ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ប្រសិនបើ​កាលៈទេសៈ​បង្ខំ យើង​អាចដាក់​ឱ្យប្រើ Hongmeng ក្នុង​រយៈពេល​ពី ៦ ទៅ ៩ ខែ​ទៀត​”​។​

​លោក​ប៉ាង​ក៏បាន​បដិសេធ​ផងដែរ​នូវ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មីៗ​នេះ​ថា​ក្រុមហ៊ុន Huawei បាន​លុបចោល​ការចេញលក់​កុំព្យូទ័រ​យួរដៃ​ថ្មី​របស់ខ្លួន ហើយ​បាន​និយាយថា​វា​នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃ​ខាងមុខ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Mate X នឹង​ពន្យារពេល​ចេញលក់​៣​ខែ