ក្រុមហ៊ុន Huawei ព្រមាន​កុំឱ្យ​យក​បញ្ហា IP (កម្មសិទ្ធិបញ្ញា) មក​ធ្វើជា​នយោបាយ​

436
ចែករម្លែក

​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន Huawei កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​បានចេញ​ផ្សាយ​ឯកសារ​ពណ៌​ស​មួយ​ស្តីពី​ការច្នៃប្រឌិត​និង​កម្មសិទ្ធិបញ្ញា និង​ព្រមាន​កុំឱ្យ​យក​បញ្ហា​នេះ​មក​ធ្វើជា​នយោបាយ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Huawei នៅ​ក្រុង​សិន​ចិន ភាគខាងត្បូង​ប្រទេស​ចិន លោក សុង លីវ​ពីង (Song Liuping) ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រសិនបើ​អ្នកនយោបាយ​ប្រើ IP (កម្មសិទ្ធិបញ្ញា) ជា​ឧបករណ៍​នយោបាយ នោះ​ពួកគេ​នឹង​បំផ្លាញ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ការពារ​ប៉ាតង់​។​

​លោក​បាន​បន្ថែមថា “​ប្រសិនបើ​រដ្ឋាភិបាល​មួយចំនួន​ដកហូត​កម្មសិទ្ធិបញ្ញា​ពី IP របស់​ក្រុមហ៊ុន នោះ​វា​នឹង​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​ការច្នៃប្រឌិត​ជាស​កល​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​សុង​គឺជា​ការឆ្លើយតប​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន​ចំពោះ​សកម្មភាព​របស់​ព្រឹទ្ធសមាជិក​អាម៉េរិក​លោក ម៉ា​កូ រូ​ប៊ី​អូ កាលពី​ថ្ងៃទី ១៨ ខែមិថុនា នៅពេលដែល​គាត់​បានស្នើ​ឱ្យធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ផ្តល់​សិទ្ធិ​ការពារ​មួយ ដែល​នឹង​រារាំង​ក្រុមហ៊ុន Huawei ពី​ការស្វែងរក​ការខូចខាត​នៅក្នុង​តុលាការ​ប៉ាតង់​របស់​សហរដ្ឋ​អាម៉េរិក​។​

​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា ឥឡូវនេះ Huawei មាន​ប៉ាតង់​ចំនួន ១១.១៥២ ដែល​ទទួលបាន​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។ ចាប់តាំងពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន​មួយ​នេះ​បានទទួល​ប្រាក់ចំណូល​ចំនួន ១,៤ ពាន់​លាន​ដុល្លារ​ពី​ការផ្តល់​សិទ្ធិ​ប៉ាតង់​នៅ​អាម៉េរិក​។ ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន Huawei ក៏បាន​ចំណាយ​ប្រាក់​ចំនួន​ជាង ៦ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​កម្មសិទ្ធិបញ្ញា​ដល់​ក្រុមហ៊ុន​ដទៃទៀត​ផងដែរ ជាមួយ​ប្រាក់​ជិត ៨០ ភាគរយ​គឺ​បង់​ឱ្យទៅ​ក្រុមហ៊ុន​អាម៉េរិក​។ នេះ​បើ​យោងតាម​ឯកសារ​ពណ៌​ស​៕ ដោយ៖ កញ្ញាដាលីស

លោក សុង លីវ​ពីង និយាយថា ប្រសិនបើ​អ្នកនយោបាយ​ប្រើ IP ជា​ឧបករណ៍​នយោបាយ នោះ​ពួកគេ​នឹង​បំផ្លាញ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ការពារ​ប៉ាតង់