ក្រុមហ៊ុន Hyundai ជួល​អតីត​អ្នកចេញ​ម៉ូត​ឡាន​របស់​ក្រុមហ៊ុន BMW មក​ដឹកនាំ​ក្រុម​ច្នៃប្រឌិត​ផ្នែក​រចនា​ម៉ូត​

229
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ក្រុមហ៊ុន Hyundai Motor Co បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១០​កក្កដា​នេះ​ថា ខ្លួន​បានតែងតាំង​អតីត​អ្នក​រចនា​ម៉ូត​រថយន្ត BMW ធ្វើជា​ប្រធាន​ក្រុម​ច្នៃប្រឌិត​ផ្នែក​រចនា​ម៉ូត​របស់ខ្លួន ខណៈដែល​ខ្លួន​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បច្ចេកវិជ្ជា​រថយន្ត​នាពេល​អនាគត​។​

​ក្រុមហ៊ុន Hyundai បានតែងតាំង​លោក ស៊ូ ជូ​ហូ (Suh Ju-ho) អាយុ ៤៨ ឆ្នាំ ជា​អនុប្រធាន និង ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​ច្នៃប្រឌិត​ផ្នែក​រចនា​ម៉ូត​របស់ Hyundai ខណៈ​ខ្លួន​រំពឹងថា​បទពិសោធន៍រ​បស់​គាត់​ក្នុងការ​រចនា​ម៉ូត​រថយន្ត​អគ្គិសនី​គុណភាព​ខ្ពស់​នឹង​ជំ​រុញឱ្យ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ឈានទៅ​កម្រិត​ថ្មី​បន្ទាប់​ទៀត​។​

​លោក​លី សាង​យូ​ប អនុប្រធាន​ជាន់ខ្ពស់ និង​ជា​ប្រធាន​ដឹកនាំ​មណ្ឌល​រចនា​ម៉ូត​របស់ Hyundai បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក​ស៊ូ​នឹង​បង្កើន​សមត្ថភាព​របស់​យើង​កាន់តែ​ខ្លាំងក្លា​ដើម្បី​ផ្សព្វផ្សាយ​ទស្សនវិជ្ជា​រចនា​ម៉ូត​របស់​យើង​ដល់​រថយន្ត​ជំនាន់​ក្រោយ​។ បទពិសោធ​ដ៏​ធំ​ទូលាយ​របស់គាត់​នឹង​ជំរុញ​ប្រពៃណី​រចនា​ម៉ូត​រយៈពេល​វែង​របស់​ក្រុមហ៊ុន Hyundai ឱ្យ​ស្ទុះ​ទៅមុខ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​នៅក្នុង​សម័យថ្មី​នេះ​”​។​

​លោក​ស៊ូ​បាន​សិក្សា​ផ្នែក​រចនា​ម៉ូត​ឧស្សាហកម្ម​នៅ​វិទ្យាស្ថាន​ប្រា​ត (Pratt) នៅ​ទីក្រុង​ញូវយ៉ក កន្លែង​ដែល​គាត់​បានទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​។ សេចក្តីថ្លែងការណ៍​បាន​និយាយថា គាត់​បានធ្វើការ​នៅក្នុង​ផ្នែក​រចនា​ម៉ូត​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​សកលលោក ដូចជា ក្រុមហ៊ុន BMW និង​ក្រុមហ៊ុន General Motors Co កាលពី​ពីរ​ទសវត្សរ៍​មុន​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Hyundai បានតែងតាំង​លោក ស៊ូ ជូ​ហូ អាយុ ៤៨ ឆ្នាំ ជា​អនុប្រធាន និង ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​ច្នៃប្រឌិត​ផ្នែក​រចនា​ម៉ូត​របស់ Hyundai