ក្រុមហ៊ុន Jeep បង្ហាញ​រថយន្ត​ប្រភេទ​ភី​ក​អាប់​ដំបូង​របស់ខ្លួន​ម៉ាក Gladiator

1098
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​រថយន្ត Jeep បានបង្ហាញ​រថយន្ត​ភី​ក​អាប់​ដំបូង​របស់ខ្លួន​ក្នុង​រយៈពេល ២៦ ឆ្នាំ​មកនេះ នៅឯ​ពិព័រណ៍​រថយន្ត​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​។​

​រថយន្ត​ភី​ក​អាប់​ថ្មី​ម៉ាក Gladiator ដែល​គ្រោង​ផលិតឡើង​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំក្រោយ ត្រូវបាន​បង្កើតឡើង​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​រថយន្ត​ភី​ក​អាប់​និង​ផ្នែក​មួយ​នៃ​រថយន្ត SUV ហើយ​វា​នឹង​ក្លាយជា​រថយន្ត​ភី​ក​អាប់​លើកទីមួយ​ដែល​ក្រុមហ៊ុន​បាន​ផលិតឡើង ចាប់តាំងពី​រថយន្ត​ភី​ក​អាប់ Comanche បាន​ផ្អាក​ការផលិត​ក្នុង​ឆ្នាំ ១៩៩២​។​

​ដោយមាន​ម៉ូត​ស្រដៀង​នឹង​រថយន្ត​បច្ចុប្បន្ន Jeep Wrangler ក្រុមហ៊ុន Jeep បាន​និយាយថា រថយន្ត​ភី​ក​អាប់ Gladiator ថ្មី​នេះ​អនុញ្ញាតឱ្យ​ម្ចាស់​របស់​វាទ​ទួលបាន​អត្ថប្រយោជន៍​ដូច​ជិះ​រថយន្ត SUV ដែលមាន​ទ្រុង​វែង​នៅ​ខាងក្រោយ​។​

​លោក ធី​ម គូ​នី​ស្គី​ស ប្រធាន​ក្រុមហ៊ុន Jeep Brand នៅ​អាមេរិក​ខាងជើង​បាន​និយាយថា “​ជា​រថយន្ត Jeep ដែល​គេ​ស្គាល់​ជាទូទៅ​មិនអាច​ប្រកែក​បាន រថយន្ត​ភី​ក​អាប់​ម៉ូ​ដែល​ថ្មី Gladiator ឆ្នាំ ២០២០ គឺជា​ប្រភេទ​រថយន្ដ​ល្អ​បំផុត​សម្រាប់​ការ​ផ្សងព្រេង​នៅ​ខាងក្រៅ​។ មាន​តម្រូវការ​ខ្ពស់​ខ្លាំង​សម្រាប់​រថយន្ត​ពិសេស​នេះ​ពី​អតិថិជន Jeep ស្មោះត្រង់​របស់​យើង និង អ្នកទិញ​រថយន្ត​ភី​ក​អាប់​នៅ​គ្រប់​ទីកន្លែង​។ កើតចេញពី​កេរ្តិ៍ដំណែល​រថយន្ដ Jeep រឹងមាំ​គួរឱ្យ​ទុកចិត្ត​និង​ពោរពេញ​ដោយ​មោទនភាព រថយន្ត​ភី​ក​អាប់ Gladiator បានរួម​បញ្ចូល​គ្នា​នូវ​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ភាពរឹងមាំ ភាពបត់បែន និង​មុខងារ​ពិសេសៗ ដែល​ធ្វើឱ្យ​វា​ក្លាយជា​រថយន្ត​ធុន​មធ្យម​មាន​សមត្ថភាព​ខ្ពស់បំផុត​មិន​ធ្លាប់មាន​”​។​

​ដោយមាន​ទ្វារ ៤ និង​ទ្រុង​ក្រោយ​ប្រវែង ១,៥២ ម៉ែត្រ រថយន្ត​ភី​ក​អាប់​នេះ​មាន​ប្រវែង​វែង​ជាង​រថយន្ត​ទ្វារ​បួន Wrangler ៣១ អ៊ី​ញ​។ វា​អាច​ផ្ទុក​រហូតដល់​ទៅ ៧២៥ គីឡូក្រាម​ឬ​សណ្តោង​ទម្ងន់​បាន ៣.៤៧០ គីឡូក្រាម​។​

​អ្នកទិញ​អាច​ជ្រើស​រើសយក​ប្រភេទ​ម៉ាស៊ីន​សាំង V6 ទំហំ ៣,៦ ឬ ម៉ាស៊ីន​ម៉ា​ស៊ូ​ត V6 ទំហំ ៣,០​។​

​គេ​មិនដឹងថា​រថយន្ត​នេះ​មានតម្លៃ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​រថយន្ត​នេះ​នឹង​ចាប់ផ្តើម​ដាក់លក់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ភី​ក​អាប់ Gladiator នឹង​ចាប់ផ្តើម​លក់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩