ក្រុមហ៊ុន Mercedes-Benz បង្ហាញរថយន្តសម្រាប់បោះជំរំ ខណៈអ្នកនិយមដើរលេងចុងសប្តាហ៍មានការកើនឡើង

278
ចែករម្លែក

ក្រុមហ៊ុន Mercedes-Benz បានបង្ហាញរថយន្តសម្រាប់បោះជំរំដំបូងបង្អស់របស់ខ្លួនសម្រាប់លក់នៅសហរដ្ឋអាម៉េរិកក្នុងអំឡុងពិព័រណ៍រថយន្តទីក្រុងឈីកាហ្គោឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ។

ក្រុមហ៊ុនផលិតរថយន្តនេះសង្ឃឹមថានឹងទាញយកផលចំណេញពីការកើនឡើងនៃចំនួនមនុស្សដែលងាកមករករថយន្តប្រភេទ Van សម្រាប់ការធ្វើដំណើរតាមផ្លូវ និង មានអារម្មណ៍អាឡោះអាល័យជាមួយនឹងថ្ងៃចុងសប្តាហ៍របស់ពួកគេ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្តម៉ាក Mercedes-Benz Weekender កំពុងតែវិលត្រឡប់ទៅរកពេលវេលាដ៏អស្ចារ្យនៃរថយន្តបោះជំរំ”។

ពួកគេបាននិយាយថា “ក្រុមហ៊ុន Mercedes-Benz ត្រូវបានបំផុសគំនិតពីគំរូរថយន្តដ៏អស្ចារ្យកាលពីអតីតកាល ខណៈរួមបញ្ចូលនូវប្រព័ន្ធសុវត្ថិភាពទំនើប ភាពជឿជាក់ និង ភាពងាយស្រួលថ្មីៗដើម្បីបង្កើតរថយន្ត Van ដ៏ទំនើបថ្មីនេះឡើង”។

រថយន្ត Mercedes-Benz Weekender មានរន្ធដោត USB សម្រាប់ភ្លើងបំភ្លឺ គ្រឿងអេឡិចត្រូនិចផ្សេងៗ និង ទូរស័ព្ទ ដែលថាមពលទាំងអស់គឺបានពីបន្ទះថាមពពន្លឺព្រះអាទិត្យ។

នៅលើដំបូលរថយន្តគឺមានតង់មួយ ហើយនៅពីលើតង់គឺមានគម្របការពារដ៏រឹងមាំ ដែលអាចដាក់របស់របរផ្សេងទៀតនៅពីលើបាន ដូចជា ស្គី ក្តារស្គីលើទឹក និង ឧបករណ៍ដទៃទៀត។

កន្លែងអង្គុយជួរទីពីរនៃរថយន្តអាចបំលែងទៅជាកន្លែងដេកមានពូកទន់សម្រាប់មនុស្ស២នាក់ ឬ អាចបំលែងទៅជាកន្លែងដាក់អីវ៉ាន់បន្ថែមក៏បានដែរ៕ ដោយ៖ កញ្ញាដាលីស