ក្រុមហ៊ុន Microsoft ខាត ១៧ ពាន់លានដុល្លារក្នុងពេលត្រឹម៥នាទី ដោយសារទំនាស់រវាងត្រាំនិងជេហ្វ បេហ្ស៊ូស

95
ចែករម្លែក

ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ ដោយបណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន ១៧ ពាន់លានដុល្លារក្នុងពេលតែ ៥ នាទីបន្ទាប់ពីចៅក្រមសហព័ន្ធបានចេញដីការបង្គាប់ឱ្យផ្អាកបណ្តោះអាសន្នលើកិច្ចសន្យា JEDI របស់ក្រុមហ៊ុន Microsoft ជាមួយមន្ទីរបញ្ចកោណ។

ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះបានធ្លាក់ចុះពី ១៨៥,៤០ ដុល្លារនៅម៉ោង ២:១១ នាទីរសៀលដល់តម្លៃទាបជាងមុន ១៨៣,១៦ ដុល្លារនៅត្រឹមម៉ោង ២:១៦ រសៀលថ្ងៃព្រហស្បតិ៍ ហើយបិទទៅវិញនៅតម្លៃដដែលនោះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ១,៤ លានលានដុល្លារអាម៉េរិក បានខាតបង់ ១ ភាគរយពីមូលធនប័ត្រទីផ្សាររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។

សេចក្តីបង្គាប់ឱ្យផ្អាកបណ្តោះអាសន្ននេះត្រូវបានចេញកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីក្រុមហ៊ុន Amazon បានអះអាងថា ភាពលម្អៀងរបស់លោកប្រធានាធិបតីត្រាំចំពោះលោកជេហ្វ បេហ្សូសបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីទទួលបានកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធទិន្នន័យ Cloud ដល់មន្ទីរបញ្ចកោណ ដែលមានទឹកប្រាក់ ១០ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Microsoft ជាអ្នកទទួលបានសិទ្ធិផ្គត់ផ្គង់។

ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងមួយភ្លែត បន្ទាប់ពីការប្រកាសសេចក្តីបង្គាប់នេះកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែក្រោយមកបានប្រែទៅជាអវិជ្ជមានវិញ។

ដំបូងឡើយក្រុមហ៊ុន Amazon រំពឹងថានឹងទទួលបានកិច្ចសន្យានោះជាមួយក្រសួងការពារជាតិ ដែលនឹងបង្កើតប្រព័ន្ធ Cloud សម្រាប់ផ្ទុកនិងគ្រប់គ្រងទិន្នន័យយោធានិងការពារជាតិ។

បន្ទាប់ពីពួកគេបានបាត់បង់សិទ្ធិនេះយ៉ាងតក់ស្លុតនិងភ្ញាក់ផ្អើល ក្រុមហ៊ុនបានស្នើសុំដីកាផ្អាកពីតុលាការកាលពីខែមុន ដោយអះអាងថា ដំណើរការប្រគល់សិទ្ធិផ្គត់ផ្គង់នេះមានជាប់ទាក់ទងនឹងនយោបាយ។

ក្រុមហ៊ុន Amazon បានអះអាងថាលោកត្រាំនិងមន្ត្រីដទៃទៀតបានបិទក្រុមហ៊ុនមិនឱ្យធ្វើកិច្ចសន្យាទេ ដោយសារតែទំនាស់ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីត្រាំជាមួយលោកបេហ្ស៊ូស។

ឯកសារដែលស្នើសុំផ្អាកបណ្តោះអាសន្ន និង សេចក្តីសម្រេចរបស់ចៅក្រមក្នុងការចេញដីកាផ្អាកបណ្តោះអាសន្ន ត្រូវបានសម្រេចដោយតុលាការ ដោយមិនបញ្ជាក់មូលហេតុឱ្យដឹងនោះឡើយ៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Microsoft ខាត ១៧ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែទំនាស់ផ្ទាល់ខ្លួនរវាត្រាំនិងបេហ្សូស