ក្រុមហ៊ុន NEC និង Sumitomo របស់​ជប៉ុន​នឹង​ផលិត​ផ្កាយរណប​អាកាសធាតុ​នៅ​វៀតណាម​

368
ចែករម្លែក

​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម និង ក្រុមហ៊ុន NEC និង​ក្រុមហ៊ុន Sumitomo របស់​ជប៉ុន កាលពី​សប្តាហ៍​មុន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដើម្បី​អភិវឌ្ឍ​ផ្កាយរណប LOTUSat-1 ដែល​នឹង​ជួយ​ព្យាករណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​និង​អង្កេត​លើ​ការខូចខាត​ដែល​បាន​កើតឡើង​។​

​ក្រុមហ៊ុន NEC នឹង​រចនា​ម៉ូត ផលិត និង​បណ្តុះបណ្តាល​បុគ្គលិក​វៀតណាម​នៅ​រោងចក្រ​ផលិត​ផ្កាយរណប​មួយ​នៅ​ប្រទេស​ជប៉ុន បន្ទាប់មក​នឹង​ផ្ទេរ​បច្ចេកវិជ្ជា​ឱ្យទៅ​វៀតណាម​។​

​ការបញ្ជាទិញ​ផ្កាយរណប​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ជាង ២០ ពាន់​លាន​យ៉េន (១៨៤ លាន​ដុល្លារ​) ។ ថវិកា​ភាគច្រើន​នឹងត្រូវ​ផ្តល់​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​។​

​ផ្កាយរណប LOTUSat-1 ដែលមាន​ទម្ងន់​ប្រហែល ៥៧០ គីឡូក្រាម មាន​ប្រព័ន្ធ​បញ្ជា​និង​សមាសធាតុ​ស្នូល​ផ្សេងទៀត ដែល​អាច​ផលិត​បានជា​ទ្រង់ទ្រាយ​ធំ​។ ផ្កាយរណប​នេះ​នឹង​អាច​ចាប់​វត្ថុ​ដែលមាន​ទទឹង​មួយ​ម៉ែត្រ​នៅលើ​ផែនដី​។ វា​នឹង​ប្រមូល​ព័ត៌មាន​ដែល​រំពឹងថា​នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ខ្យល់ព្យុះ​ដែល​បាន​វាយប្រហារ​វៀតណាម​ជា​រៀងរាល់ឆ្នាំ​។​

​គេ​រំពឹងថា ផ្កាយរណប LOTUSat-1 ដែលមាន​ទំហំ​តូច​ជាង​ផ្កាយរណប​ដទៃទៀត​និង​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​និង​មានតម្លៃ​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​តម្លៃ​ផ្កាយរណប​ផ្សេង នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០២៣៕ ដោយ៖ កញ្ញាដាលីស

ផ្កាយរណប LOTUSat-1 នឹងដាក់​ឱ្យប្រើ​ក្នុង​ឆ្នាំ ២០២៣