ក្រុមហ៊ុន NEC របស់​ជប៉ុន​បង្ហាញ “​ឡាន​ហោះ​” ធ្វើតេស្ត​សំកាំង​លើ​មេឃ​បាន​១​នាទី

528
ចែករម្លែក

ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ជប៉ុន NEC Corp. នៅ​ថ្ងៃ​ចន្ទ​ទី​៥​សីហា​នេះ​បានបង្ហាញ “​ឡាន​ហោះ​” ស្រដៀង​ដ្រូ​ន​ខ្នាត​ធំ មាន​ស្លាបចក្រ ៤ ហោះ​សំកាំង​លើ​មេឃ​បាន​ប្រហែល ១ នាទី​។​

​ការហោះហើរ​សាកល្បង​បាន​កម្ពស់ ៣ ម៉ែត្រ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទ្រុង​យក្ស​មួយ ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​សុវត្ថិភាព​នៅឯ​មជ្ឈមណ្ឌល​របស់​ក្រុមហ៊ុន NEC នៅ​ជាយក្រុង​តូ​ក្យូ​។ ការត្រៀម​លក្ខណៈ​ដូចជា​ការត្រួតពិនិត្យ​ម្តង​ហើយ​ម្តងទៀត​លើ​ម៉ាស៊ីន​និង​ការព្រមាន​ដល់​អ្នកយកព័ត៌មាន​ឱ្យ​ពាក់មួក​សុវត្ថិភាព គឺ​ចំណាយពេល​ច្រើនជាង​ការបង្ហាញ​ការហោះ​សាកល្បង​រយៈពេល​ខ្លី​ចំនួន​ពីរលើក​។​

​រដ្ឋាភិបាល​ជប៉ុន​គឺ​គាំទ្រ​ពីក្រោយ​ឡាន​ហោះ​នេះ ជាមួយ​គោលដៅ​ឱ្យ​មនុស្ស​ជិះ​វា​នៅត្រឹម​ទសវត្សរ៍ ២០៣០​។​

​ក្នុងចំណោម​កិច្ចប្រឹងប្រែង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​គឺ​វគ្គ​ធ្វើតេស្ត​សាកល្បង​ដ៏​ធំ​មួយ​សម្រាប់​ឡាន​ហោះ ដែល​ផលិត​នៅក្នុង​តំបន់​រង​ការបំផ្លិចបំផ្លាញ​ដោយ​រលក​យក្ស​ស៊ូ​ណា​មី រញ្ជួយ​ដី និង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឆ្នាំ ២០១១ នៅ​ហ្វូ​គូ​ស៊ី​ម៉ា ភាគ​ឦសាន​ប្រទេស​ជប៉ុន​។ អាណាខេត្ត​មី (Mie) នៅ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន ដែល​ប្រើ​ជា​ញឹកញាប់​ជា​តំបន់​រមណីយដ្ឋាន​រប​ស់​ពួក​តារា​ល្បី​ហូលីវូដ ក៏​សង្ឃឹមថានឹង​ប្រើ​ឡាន​ហោះ​ដើម្បី​ភ្ជាប់​កោះ​ផ្សេងៗ​របស់ខ្លួន​ផងដែរ​។​

​គម្រោង​ស្រដៀង​គ្នា​នេះ​ក៏​កំពុងតែ​លេចចេញ​ជា​រូបរាង​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ដូចជា ឡាន​ហោះ Uber Air របស់​សហរដ្ឋ​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

ឡាន​ហោះ​របស់​ក្រុមហ៊ុន NEC ហោះ​សាកល្បង​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​តូ​ក្យូ