ក្រុមហ៊ុន Nissan ចាប់ផ្តើម​ផលិត​រថយន្ត​អគ្គិសនី​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ចិន​

2192
ចែករម្លែក
  • 25
    Shares

​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់​ក្រុមហ៊ុន Nissan ដែល​រចនា​ឡើង​សម្រាប់​ប្រទេស​ចិន​បានចាប់ផ្តើម​ផលិតកម្ម​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​សីហា នៅឯ​ការចាប់ផ្តើម​នៃ​រលក​រថយន្ត​អគ្គិសនី​តម្លៃ​ទាប ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ដ​នានា​ទូទាំង​ពិភពលោក​សម្រាប់​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​នេះ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន រួមទាំង​ក្រុមហ៊ុន General Motors និង​ក្រុមហ៊ុន Volkswagen បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដាក់លក់​រថយន្ត​អគ្គិសនី​សម្រាប់​គ្រួសារ រថយន្ត​ដឹក​អ្នកទេសចរ​ខ្នាតតូច និង រថយន្ត​ប្រភេទ SUV នៅក្នុង​ប្រទេស​ចិន ដែល​ត្រូវបាន​រចនា​ឡើង​សម្រាប់​ចំណង់​ចំណូលចិត្ត​ក្នុងស្រុក​និង​ចំណាយ​ថវិកា​ទាប​។ ក្រុមហ៊ុន Nissan, Tesla, GM និង​ក្រុមហ៊ុន​ដទៃទៀត​បាន​លក់​រថយន្ត​អគ្គិសនី​នាំចូល​ឬ​រថយន្ត​អគ្គិសនី​ដែល​សហការ​ផលិត​ជាមួយ​ដៃគូ​ចិន ប៉ុន្តែ​ទីផ្សារ​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ​គូប្រជែង​ក្នុងស្រុក​ក្នុងតម្លៃ​ទាប​ខ្លាំង ដូចជា ក្រុមហ៊ុន BYD Auto ។​

​រដ្ឋាភិបាល​ចិន​មើលឃើញថា​រថយន្ត​អគ្គិសនី​ជា​ឧស្សាហកម្ម​មាន​សក្ដានុពល​និង​ជា​មធ្យោបាយ​មួយ​ដើម្បី​សម្អាត​ទីក្រុង​ដែលមាន​ផ្សែង​អ័ព្ទ​ខ្លាំង​។ ចិន​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ​ការឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​ផលិត​របស់​ចិន​ហើយ​កំពុង​រុញ​បន្ទុក​នេះ​ទៅឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ​ទៀត​ជាមួយនឹង​កូតា​លក់ និង​ស្តង់ដារ​សន្សំសំចៃ​ថាមពល​ដ៏​រឹង​រ៉ឹង​។​

​រថយន្ត Sylphy Zero Emission ដែល​យក​ម៉ូត​តាម​រថយន្ត Leaf របស់ Nissan កំពុង​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Nissan Motor Co. និង ដៃគូ​ចិន គឺ​ក្រុមហ៊ុន Dongfeng Motor Group​។

​រថយន្ត Nissan Sylphy Zero Emission មានតម្លៃ ១៦៦.០០០ យ័ន (២៥.៨៥០ ដុល្លារ​) បន្ទាប់ពី​រដ្ឋាភិបាល​ធ្វើ​ឧបត្ថម្ភ​ធន​។ ក្រុមហ៊ុន Nissan និយាយថា រថយន្ត​នេះ​អាច​បើក​បាន ៣៣៨ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ​៕ ដោយ៖ កញ្ញាដាលីស

អ្នកកាសែត​កំពុង​ថត​រថយន្ត Nissan Sylphy Zero Emission ដែល​កំពុង​ផលិត​នៅ​ទីក្រុង​ក្វាង​ចូ​វ