ក្រុមហ៊ុន Oppo ចាប់ផ្តើម​ពង្រីក​ការលក់​រាយ​នៅ​អាស៊ីអាគ្នេយ៍​

415
ចែករម្លែក

ក្រុមហ៊ុន Oppo ដែលជា​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លំដាប់​ទី ៥ នៅលើ​ពិភពលោក កំពុង​បង្កើន​ការពង្រីក​បណ្តាញ​លក់រាយ​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ កន្លែង​ដែល​ក្រុមហ៊ុន​ចិន​នេះ​កំពុង​ត្រៀមខ្លួន​វ៉ា​ក្រុមហ៊ុន​នាំមុខ​លើ​ទីផ្សារ​អេឡិចត្រូនិក​ក្នុង​តំបន់ គឺ Samsung Electronics​។​

​យោងតាម​លោក ជី​មមី យី ប្រធាន​ក្រុមហ៊ុន Oppo Asia-Pacific បានឱ្យដឹងថា ក្រុមហ៊ុន Oppo ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តុង​គួ​ន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​បើក​ដំណើរការ​ហាង​លក់​ទូរស័ព្ទ​លំដាប់​កំពូល​របស់ខ្លួន​ជា​លើកដំបូង​នៅក្នុង​តំបន់​ក្នុង​ទីក្រុង​បាងកក រាជធានី​របស់​ថៃ​។​

​ហាង​លក់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ជាច្រើន​ទៀត​ត្រូវគេ​រំពឹងថា​នឹង​បើក​នៅក្នុង​ប្រទេស​ថៃ​ម៉ាឡេស៊ី​ឥណ្ឌូនេស៊ី​វៀតណាម​និង​ហ្វីលីពីន​នៅ​ឆ្នាំក្រោយ​។​

​លោក​យី​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅមុន​ពេល​បើក​សម្ភោ​ធ​ហាង​នៅ​បាងកក​ថា “​ចាប់តាំងពី​ចូល​ប្រទេស​ថៃ​ជាទី​ផ្សារ​អន្តរជាតិ​ដំបូង​របស់​យើង​ក្នុង​ឆ្នាំ ២០០៨ យើង​បាន​កសាង​ភាពជោគជ័យ​របស់​យើង​ពី​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុងស្រុក​និង​ហាង​លក់រាយ​អេឡិចត្រូនិក​”​។​

​លោក​បាន​និយាយថា​ការពង្រីក​ការលក់​រាយ​របស់​ក្រុមហ៊ុន Oppo នៅ​អាស៊ីអាគ្នេយ៍​កន្លែង​ដែលមាន​បុគ្គលិក​ជួល​ជាង ៤០.០០០ នាក់​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​ផលប័ត្រ​ផលិតផល​ដែលមាន​ការប្រកួតប្រជែង​និង​បង្កើត​កម្មវិធី​សេវាកម្ម​អតិថិជន​ជាក់លាក់​សម្រាប់​ទីផ្សារ​នីមួយៗ​នៅក្នុង​តំបន់​ដែលមាន ១១ ប្រទេស​និង​មាន​ចំនួន​ប្រជាជន​សរុប​ជាង ៦៦៣ លាន​នាក់​។​

​គំនិត​ផ្តួចផ្តើម​នេះ​បង្ហាញ​ពី​របៀប​ដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំៗ​របស់​ចិន​កំពុង​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​ពួកគេ​នៅ​ខាងក្រៅ​ប្រទេស​ចិន​ចំពេល​ការលក់​បន្ត​ធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធំ​បំផុត​នៅលើ​ពិភពលោក កន្លែង​ដែល​សេដ្ឋកិច្ច​ក្នុងស្រុក​កំពុង​រង​ផលប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​។​

​ខណៈ​ទស្សនវិស័យ​រយៈ​ពេល​ខ្លី​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ចិន​នៅតែមាន​បញ្ហា​ប្រឈម​ដោយសារតែ​សារពើភ័ណ្ឌ​បណ្តាញ​និង​វដ្ត​នៃ​ការប្តូរ​ទូរស័ព្ទ​ថ្មី​រាង​យូរ​ជាង​មុន អាស៊ីអាគ្នេយ៍​បាន​បង្កើត​តម្រូវការ​យ៉ាងខ្លាំង​សម្រាប់​ទូរស័ព្ទ Android ដែលជា​យីហោ​របស់​ចិន​។​

​ការនាំចេញ​ស្មា​ត​ហ្វូ​ន​សរុប​នៅ​អាស៊ីអាគ្នេយ៍​ពី​ម៉ាក​ល្បីៗ​របស់​ចិន​រួមមាន​ក្រុមហ៊ុន Oppo, Vivo, Xiaomi, Realme និង Huawei Technologies បាន​ឈានដល់ ១៩ លាន​គ្រឿង​នៅក្នុង​ត្រីមាស​ទី ២ ដើម្បី​ក្តាប់​ចំណែក​ទីផ្សារ ៦២ ភាគរយ​នៅក្នុង​តំបន់ ពោលគឺ​កើនឡើង​ពី ៥០ ភាគរយ​ក្នុង​មួយឆ្នាំ​មុន​។ នេះ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​ស្រាវជ្រាវ Canalys កាលពី​ខែសីហា​។​

​របាយការណ៍​បានសរសេរថា ប្រហែល ៧៥ ភាគរយ​នៃ​ការនាំចេញ​ទាំងនោះ​រួមមាន​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន Android ដែល​ដាក់លក់​ក្នុងតម្លៃ​ក្រោម ២០០ ដុល្លារ​។​

​ក្រុមហ៊ុន​កូរ៉េ Samsung នាំមុខគេ​នៅ​ត្រីមាស​មុន ដោយ​នាំចេញ​ស្មា​ត​ហ្វូ​ន ៧,៧ លាន​គ្រឿង​នៅក្នុង​តំបន់ អំឡុង​ត្រីមាស​ទី​២​។ Oppo តាម​ពីក្រោយ​យ៉ាង​កៀក ដោយ​នាំចេញ​ស្មា​ត​ហ្វូ​ន ៧,៣ លាន​គ្រឿងក្នុង​រយៈពេល​ដូចគ្នា​៕ ដោយ៖ កញ្ញាដាលីស

អតិថិជន​កំពុង​មើល​ទូរស័ព្ទ Oppo ដាក់​តាំងនៅ​ទីក្រុង​សិន​ចិន