ក្រុមហ៊ុន Orion Span នឹង​បង្ហោះ “​សណ្ឋាគារ​អវកាស​ប្រណីត​” នៅ​ចុងឆ្នាំ ២០២១

1218
ចែករម្លែក

​ក្រុមហ៊ុន​ថ្មីថ្មោង Orion Span បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ មេសា នៅឯ​កិច្ចប្រជុំ​កំពូល​ឈ្មោះថា Space 2.0 នៅ​ទីក្រុង​សាន់​ហូ​សេ រដ្ឋ​កាលីហ្វ័រ​ញ៉ា​ថា ខ្លួន​នឹង​បាញ់​បង្ហោះ “​សណ្ឋាគារ​អវកាស​ដ៏​ប្រណីត​តម្លៃ​ធូរ​ថ្លៃ​មិន​ធ្លាប់មាន​ពីមុនមក​” នៅ​ចុងឆ្នាំ ២០២១​។​

​ប្រសិនបើ​គម្រោង​នេះ​ដំណើរការ​ដោយ​រលូន មន្ត្រី​ក្រុមហ៊ុន​រំពឹងថា​នឹង​ចាប់ផ្ដើម​ទទួលភ្ញៀវ​នៅលើ​ស្ថានីយ៍​អូ​រ៉ូ​រ៉ា (Aurora Station) នៅត្រឹម​ឆ្នាំ ២០២២​។ ភ្ញៀវទេសចរ​ដែលមាន​ចំណាប់អារម្មណ៍​អាច​កក់​បន្ទប់​មួយ​ក្នុង​ចំនួន​ទឹកប្រាក់ ៨០.០០០ ដុល្លារ​ជាមុនសិន ប៉ុន្តែ​សូម​កត់ចំណាំ​ថា ទឹកប្រាក់ ៥ ខ្ទង់​នេះ​គឺជា​ការចំណាយ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល ១២ ថ្ងៃ ដែលមាន​ស្លាក​តម្លៃ ៩,៥ លាន​ដុល្លារ​។​

​លោក ហ្វ្រែ​ង បាំង​ហ្គ័​រ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Orion Span បាន​ប្រាប់​វេ​ប​សាយ Space.com ថា “​មានការ​ច្នៃប្រឌិត​ច្រើន​នៅ​ជុំវិញ​ស្ថាបត្យកម្ម​នេះ​ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ទំនើប​និង​មាន​លក្ខណៈសាមញ្ញ​ជាង​មុន​ក្នុងការ​ប្រើប្រាស់​និង​មាន​ស្វ័យប្រវត្តិកម្ម​ច្រើនជាង​មុន ដូច្នេះ​យើង​មិនចាំបាច់​មាន​សកម្មភាព​ធ្វើដំណើរ​ក្រៅ​អវកាស ឬ ថ្មើរជើង​លើ​អវកាស​នោះទេ​។ គោលដៅ​នៅពេល​យើង​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​គឺ​បង្កើត​ការច្នៃប្រឌិត​ថ្មី​ដើម្បី​ធ្វើឱ្យ​ភាពសាមញ្ញ​អាចធ្វើ​ទៅបាន ហើយ​តាមរយៈ​ការធ្វើឱ្យ​ភាពសាមញ្ញ​អាចធ្វើ​ទៅបាន យើង​នឹង​ផាត់​ចោលការ​ចំណាយ​ដ៏​ថ្លៃ​ចេញពី​វា​”​។​

​ថ្វីបើ​ចំនួន​ទឹកប្រាក់ ៩,៥ លាន​ដុល្លារ​ហាក់ដូច​ជាមាន​ចំនួន​ច្រើន ក៏ប៉ុន្តែ​វា​តិចតួច​ទេ បើ​ប្រៀបធៀប​នឹង​តម្លៃ​ស្នាក់នៅ​ទី​អវកាស​របស់គេ​ផ្សេង ដែលមាន​តម្លៃ​ចាប់ពី ២០ ទៅ ៤០ លាន​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។​

​លោក រី​ឆាត ហ្គា​រៀ​ត អ្នក​អភិវឌ្ឍន៍​ហ្គេម​វីដេអូ តាម​ដឹងបាន ចំណាយ​ប្រាក់ ៣០ លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល​២​សប្តាហ៍​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ (ISS) កាលពី​ឆ្នាំ ២០០៨៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Orion Span នឹង​បង្ហោះ​សណ្ឋាគារ​អវកាស​ប្រណីត​នៅ​ចុងឆ្នាំ ២០២១