ក្រុមហ៊ុន Porsche ឈប់​ផលិត​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ទាក់ទង​នឹង​ការបោកប្រាស់​អំពី​ការបញ្ចេញ​ផ្សែង​

808

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche និយាយថា​ខ្លួន​នឹង​បញ្ឈប់​ការផលិត​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ហើយ​ផ្តោតលើ​ម៉ាស៊ីន​ប្រើ​សាំង អគ្គិសនី និង​ហាយ​ប្រ៊ី​ដ​ជំនួស​វិញ​។​

​ការប្រកាស​នេះ​កើតឡើង​បន្ទាប់ពី​ផ្ទុះ​រឿងអាស្រូវ​ឆ្នាំ ២០១៥ ដែល​ក្នុងនោះ​ក្រុមហ៊ុនមេ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Volkswagen បាន​ទទួលស្គាល់ថា ខ្លួន​បាន​បោកប្រាស់​អំពី​ការធ្វើ​តេស្ត​ការបញ្ចេញ​ផ្សែង​សម្រាប់​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​។​

​រថយន្ត​ម៉ា​ស៊ូ​ត​ចាស់ៗ​មួយចំនួន​ត្រូវបាន​ហាមឃាត់​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​អាល្លឺម៉ង់​មួយចំនួន​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។​

​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Porsche បាន​និយាយថា ក្រុមហ៊ុន​នេះ “​មិន​លុបបំបាត់​ប្រេងម៉ាស៊ូត​នោះទេ​” ។​

​លោក អូ​លី​វើ ប្លូ​ម បាន​និយាយថា “​វា​នឹង​នៅតែ​ជា​បច្ចេកវិជ្ជា​ជំរុញ​សន្ទុះ​ម៉ាស៊ីន​ដ៏​សំខាន់​ដដែល​។ ទោះយ៉ាងណា យើង​ក្នុងនាម​ជា​អ្នក​ផលិត​រថយន្ត​ស្ព័​រ ដែល​ប្រេងម៉ាស៊ូត​តែងតែ​ដើរតួនាទី​បន្ទាប់បន្សំ បាន​ឈានដល់​ការ​សន្និដ្ឋានថា យើង​ចង់ឱ្យ​អនាគត​របស់​យើង​គ្មាន​ប្រេងម៉ាស៊ូត​។ ម៉ាស៊ីន​ប្រើ​សាំង​គឺ​សមស្រប​សម្រាប់​ការបើកបរ​រថយន្ត​ប្រភេទ​កីឡា​”​។​

​លោក​បាន​បន្តថា អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ដែលមាន​ស្រាប់​នឹង​បន្ត​ទទួលបាន​សេវាកម្ម​បម្រើ​ជូន​ដដែល​។​

​ក្រុមហ៊ុន Porsche មិនបាន​ផលិត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ផ្ទាល់ខ្លួន​នោះទេ ដោយ​ជ្រើសរើស​ទិញ​ម៉ាស៊ីន​របស់ Audi មក​ប្រើ​។​

​លោក​ប្លូ​ម និយាយថា “​ប៉ុន្តែ មុខមាត់​របស់ Porsche បាន​ទទួលរង​ផលប៉ះពាល់​។ វិបត្តិ​ប្រេងម៉ាស៊ូត​បណ្តាលឱ្យ​យើង​ខាតបង់​យ៉ាងច្រើន​”​។​

​រដ្ឋអាជ្ញា​សាធារណៈ​អាល្លឺម៉ង់​ម្នាក់​បាន​ផាកពិន័យ​ក្រុមហ៊ុន Volkswagen ១ ពាន់​លាន​អឺរ៉ូ (១,១៧ ពាន់​លាន​ដុល្លារ​) កាលពីដើម​ឆ្នាំនេះ បន្ទាប់ពី​ក្រុមហ៊ុន​បាន​លក់​រថយន្ត​ជាង​១០​លាន​គ្រឿង​ជាមួយ​សូ​ហ្វ​វែ​បោកប្រាស់​អំពី​ការធ្វើ​តេស្ត​បញ្ចេញ​ផ្សែង​ត្រូវបាន​ដំឡើង​នៅ​ខាងក្នុង រវាង​ឆ្នាំ ២០០៧ និង ២០០១៥​។

​ក្រុមហ៊ុន​បាន​លៃ​ទុក​លុយ​ចំនួន ៣០ ពាន់​លាន​ដុល្លារ​រួចជាស្រេច​ដើម្បី​ដោះស្រាយ​ការពិន័យ ការ​សងជំងឺចិត្ត និង ការទិញ​រថយន្ត​ពី​អាមេរិក​ត្រឡប់មកវិញ​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Porsche លែង​ផលិត​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ទៀតហើយ