ក្រុមហ៊ុន Royole បង្ហាញ​ស្មា​ត​ហ្វូ​ន​បត់បែន​បាន​មុន Samsung នៅ​ពិព័រណ៍ CES

220

​ស្មា​ត​ហ្វូ​ន​អាច​បត់​បាន​ដ៏​ថ្មី​សន្លាង​របស់​ក្រុមហ៊ុន Royole បានដាក់​បង្ហាញ​ជា​លើកដំបូង​លើ​សកលលោក​នៅ​ពិព័រណ៍ CES International ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៧​មករា ដោយ​ផ្តួល​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​កំពូលៗ​ផ្សេងទៀត​ដើម្បី​នាំ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​អាច​បត់បែន​បាន​ទៅដល់​អតិថិជន​។​

​ក្រុមហ៊ុន​នេះ​បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន FlexPai តម្លៃ​ជាង ១៣០០ ដុល្លារ​របស់ខ្លួន ដែល​ដើរតួនាទី​ពីរ ជា​ថេ​ប្លេ​ត​ផងដែរ នៅពេល​លាត​វា ដោយ​ធ្វើឱ្យ​វា​ជា​ទម្រង់​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​។​

​ខណៈដែល​ក្រុមហ៊ុន​ផ្សេងទៀត​បានបង្ហាញ​គំនិត​ស្រដៀង​គ្នា​នេះ​នៅក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ស្មា​ត​ហ្វូ​ន FlexPai របស់​ក្រុមហ៊ុន Royole គឺជា​កំណែ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​នៃ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​។​

​ក្រុមហ៊ុន​នេះ​បានបង្ហាញ​ទូរស័ព្ទ FlexPai ជា​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ Mandalay Bay អំឡុង​ពិព័រណ៍ CES លោក ប៊ី​ល លីវ អគ្គនាយក​ក្រុមហ៊ុន Royole បានបង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​ធ្វើ​អន្ត​រកម្ម​ជាមួយ​ព័ត៌មាន​។​

​ក្រុមហ៊ុន Royole បាន​អភិវឌ្ឍ​បច្ចេកវិជ្ជា Human Machine Interface (HMI) របស់ខ្លួន​អស់​រយៈពេល ៦ ឆ្នាំ​មកហើយ ដោយ​ងាក​ចេញពី​វិធីសាស្ត្រ​បែប​ប្រពៃណី​នៃ “​ផ្ទៃ​អេក្រង់​ធំ​រឹង​” មករក​ប្រព័ន្ធ​អេក្រង់​អាច​បត់បែន​បាន ដែល​សម្រប​បាន​យ៉ាង​ល្អ​ទៅនឹង​តម្រូវការ​របស់​អ្នក​ប្រើ​។​

​នាយក​ប្រតិបត្តិ​បាន​ពន្យល់ថា FlexPai គឺជា​ការរួមបញ្ចូល​គ្នា​នៃ​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្លេ​ត​។​

​ក្រុមហ៊ុន​និយាយថា ស្មា​ត​ហ្វូ​ន​នេះ​មាន​ទម្ងន់​ស្រាល​ជាង​ឧបករណ៍​ប្រភេទ​ដូច​វា​។​

​ស្មា​ត​ហ្វូ​ន FlexPai មាន​២​ប្រភេទ​តម្លៃ គឺ ១៣១៨ ដុល្លារ (១២៨GB) និង ១៤២៩​ដុល្លារ (២៥៦GB)​។ នៅពេល​លាត វា​មាន​ទំហំ​អេក្រង់ ៧,៨ អ៊ី​ញ កញ្ចក់​ប្រភេទ Type Flexible AMOLED រេ​ម ៦/៨GB និង​អាចដាក់​ត្រូវ​ជាមួយ​មេ​ម​ម៉ូ​រី​ប្រភេទ MicroSD ទំហំ​ដល់​ទៅ ២៥៦GB៕ ដោយ៖ កញ្ញាដាលីស

ស្មា​ត​ហ្វូ​ន​អាច​បត់បែន​បាន FlexPai លេច​រូបរាង​នៅ​ពិព័រណ៍ CES