ក្រុមហ៊ុន Samsung ដាក់លក់​ទូរស័ព្ទ​បត់​បាន​តម្លៃ​ជិត ២.០០០ ដុល្លារ​

252
ចែករម្លែក

​ទូរស័ព្ទ​បត់​បាន​ដែល​គេ​ទន្ទឹង​ចាំ​ជា​យូរ​របស់​ក្រុមហ៊ុន Samsung បានដាក់​លក់​កាលពី​ថ្ងៃ​សុក្រ​ទី​៦​កញ្ញា បន្ទាប់ពី​កាលបរិច្ឆេទ​ចេញលក់​ដំបូង​ត្រូវបាន​ពន្យារពេល​រាប់​ខែ​ដោយសារតែ​បញ្ហា​អេក្រង់​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ​បាន​ពន្យារពេល​ចេញលក់​ជា​ផ្លូវការ​របស់​ទូរស័ព្ទ Galaxy Fold បន្ទាប់ពី​ក្រុម​អ្នក​សាកមើល​ផលិត​បាន​ជួបប្រទះ​បញ្ហា​ជាមួយនឹង​អេក្រង់​បត់​ច្នៃប្រឌិត​ថ្មី​របស់​វា ដែល​ក្រុមហ៊ុន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ឥឡូវនេះ​ត្រូវបាន​ដោះស្រាយ​រួចហើយ​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​នៅពេល​ចាប់ផ្តើម​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ក្នុងប្រទេស​អាល្លឺម៉ង់ កន្លែង​ដែល​ខ្លួន​បានបង្ហាញ​ទូរស័ព្ទ​បត់​បាន​នេះ ថា “​ក្នុងអំឡុងពេល​ជាច្រើន​ខែ​កន្លងមកនេះ ក្រុមហ៊ុន Samsung បានធ្វើ​ការកែលម្អ​ទូរស័ព្ទ Galaxy Fold ដើម្បី​ធានាថា​វា​ផ្តល់នូវ​បទពិសោធន៍​ល្អ​បំផុត​ជាមួយនឹង​ការកែលម្អ​លើ​ការ​រចនា​ម៉ូត​និង​រចនាសម្ព័ន្ធ​របស់​ទូ​រ​ស័ព្ទ​”​។

​ទូរស័ព្ទ​តម្លៃ​ជិត ២.០០០ ដុល្លារ​នេះ​បានដាក់​លក់​នៅ​ថ្ងៃទី ៦ កញ្ញា​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​ថ្ងៃទី ១៨ កញ្ញា​នៅ​បារាំង​អាល្លឺម៉ង់​និង​អង់គ្លេស ជាមួយ​បណ្តាញ 5G ជំនាន់​ក្រោយ​គឺអាច​រកបាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​និង​អង់គ្លេស​៕ ដោយ ៖ កញ្ញាដាលីស

ទូរស័ព្ទ​បត់​បាន Galaxy Fold ចាប់ផ្តើម​ដាក់លក់​នៅ​កូរ៉េខាងត្បូង​ក្នុងតម្លៃ​ជិត​២.០០០​ដុល្លារ
#