ក្រុមហ៊ុន Samsung ត្រៀមខ្លួន​សម្រាប់​ការធ្លាក់ចុះ​ប្រាក់ចំណេញ ខណៈ​តម្រូវការ​នៅ​ចិន​ថយចុះ​

501
ចែករម្លែក

​ក្រុមហ៊ុន Samsung Electronics Co Ltd គ្រោង​នឹង​បង្ហាញ​ការធ្លាក់ចុះ​ជា​លើកដំបូង​នៃ​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំត្រីមាស​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ខណៈ​កំណើនសេដ្ឋកិច្ច​យឺតយ៉ាវ​នៅក្នុង​ប្រទេស​ចិន ដែលជា​ទីផ្សារ​សំខាន់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ បានធ្វើឱ្យ​តម្រូវការ​ផលិតផលរ​បស់​ខ្លួន​ធ្លាក់ចុះ​។​

​លទ្ធផល​គួរឱ្យ​បារម្ភ​ពី​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​របស់​ពិភពលោក​នេះ​នឹង​បន្ថែម​ការព្រួយបារម្ភ​ដល់​វិនិយោគិន ដែល​កំពុង​ព្រួយ​ខ្លាំង​ស្រាប់​ទៅហើយនោះ បន្ទាប់ពី​គូប្រជែង​ដ៏​ធំ​បំផុត​របស់ខ្លួន​គឺ​ក្រុមហ៊ុន Apple Inc នៅ​សប្តាហ៍​នេះ​បាន​កាត់បន្ថយ​ការព្យាករណ៍​អំពី​ការលក់​របស់ខ្លួន​ដោយសារ​ការធ្លាក់ចុះ​នៃ​តម្រូវការ​ទូរស័ព្ទ iPhone នៅក្នុង​ប្រទេស​ចិន​។​

​ទិន្នន័យ I/B/E/S ពី​វេ​ប​សាយ Refinitiv បាន​បង្ហាញថា ក្រុមហ៊ុន Samsung ដែល​នឹង​ចេញផ្សាយ​លទ្ធផល​ប្រចាំត្រីមាស​ទី ៤ នៅ​ថ្ងៃទី ៨ មករា ត្រូវគេ​រំពឹងថា​នឹង​ធ្លាក់ចុះ​ប្រាក់ចំណេញ​ប្រតិបត្តិការ​ប្រចាំឆ្នាំ​មក​នៅត្រឹម​ចំនួន ១៣,៣ លាន​លាន​វ៉ុ​ន​ស្មើនឹង ១១,៨៥ ពាន់​លាន​ដុល្លារ​សម្រាប់​អំឡុងពេល​៣​ខែ​ចុង​ក្រោយនេះ​។​

​លោក​សុង ម្យុ​ង​ស៊ុប (Song Myung-sup) អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន HI Investment & Securities បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​តម្រូវការ​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​ចិន​នឹង​ទាញ​ទម្លាក់​ការលក់​បន្ទះ​ឈី​ប​របស់​ក្រុមហ៊ុន Samsung នៅ​ទីនោះ​។ ហើយ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ជារួម​របស់​ចិន​បាន​ជាប់គាំង​និង​ធ្លាក់ចុះ ដែល​ប៉ះពាល់​មិន​ត្រឹម​ក្រុមហ៊ុន Apple ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះ Samsung ដែរ​”​។​

​ប្រាក់ចំណូល​ត្រូវគេ​រំពឹងទុក​ថា​នឹង​ធ្លាក់ចុះ ៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ការនាំចេញ​បន្ទះ​ឈី​ប​មេ​ម​ម៉ូ​រី​។ ក្រុមហ៊ុន Samsung កាលពី​ខែតុលា​បាន​កាត់បន្ថយ​ការចំណាយ​ទុន​ឆ្នាំ ២០១៨​របស់ខ្លួន ដោយ​បញ្ចប់​ការចំណាយ​ធំ​រយៈពេល​២​ឆ្នាំ​សម្រាប់​ផលិត​បន្ទះ​ឈី​ប ខណៈដែល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ពិភពលោក​មាន​ភាពយឺត​យ៉ាវ​។​

​យោងតាម​ក្រុមហ៊ុន Counterpoint Research បានឱ្យដឹងថា ការធ្លាក់ចុះ​នេះ​បាន​បន្ត​ធ្វើឱ្យប៉ះពាល់​ដល់​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​នៅក្នុង​ត្រីមាស​ទី​៤ ជាមួយ​ការលក់​សរុប​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កំពូល​គឺ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ ៨ ភាគរយ​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​៕ ដោយ៖ កញ្ញាដាលីស

#