ក្រុមហ៊ុន Samsung និង Google បង្ហាញ​ទូរស័ព្ទ Android អាច​បត់បែន​បាន មាន​អេក្រង់​ទំហំ ៧,៣ អ៊ី​ញ

294

​ទីបំផុត​ក្រុមហ៊ុន Samsung បានបង្ហាញ​ទូរស័ព្ទ​បត់បែន​បាន​ក្នុងពេល​អនាគត​របស់​ខ្លួន​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ​បានបង្ហាញ​ឧបករណ៍​គំរូ​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៧​វិច្ឆិកា​នៅឯ​សន្និសីទ​អ្នក​អភិវឌ្ឍ​របស់ Samsung ឆ្នាំ ២០១៨ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ដែល​ក្រុមហ៊ុន​និយាយថា​នឹង​មកដល់​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​វា​មាន​អេក្រង់​ប្រភេទ Infinity Flex Display ដែល​អាចឱ្យ​វា​ប្រែ​ក្លាយទៅជា​ទូរស័ព្ទ​ឬ​ថេ​ប្លេ​ត នៅពេល​វា​បើក​និង​បិទ​។​

​មាន​អេក្រង់​តូច​មួយ​នៅ​ខាងក្រៅ​ទូរស័ព្ទ​និង​មួយទៀត​ជា​អេក្រង់​ធំ​នឹង​បង្ហាញឡើង នៅពេលដែល​ឧបករណ៍​នេះ​ត្រូវបាន​បត់​។​

​ក្រុមហ៊ុន Samsung បាន​និយាយថា ទូរស័ព្ទ​អេក្រង់​ទំហំ ៧,៣ អ៊ី​ញ​នេះ​អាច​បត់​បាន “​រាប់រយ​រាប់ពាន់​ដង​” ដោយ​សារភាព​ស្តើង​និង​ភាពបត់បែន​របស់​អេក្រង់​។​

Samsung បាន​ពន្យល់ថា “​អ្នកប្រើប្រាស់​ឥឡូវនេះ​មាន​ពិភពលោក​ពីរ​ដ៏​ល្អ​បំផុត គឺ​ស្មា​ត​ហ្វូ​ន​ដ៏​ហាប់​ណែន ដែល​អាច​បង្ហាញ​ទៅជា​អេក្រង់​ធំ​ទូលាយ​សម្រាប់ធ្វើ​កិច្ចការ​ចម្រុះ និង​មើល​មាតិកា​ផ្សេងៗ​”​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា “​បទពិសោធន៍​ក្នុង​ការប្រើ​កម្មវិធី​គឺ​ដំណើរការ​យ៉ាង​រលូន​ពេល​ប្តូរ​ពី​អេក្រង់​តូច​ទៅ​អេក្រង់​ធំ នៅពេលដែល​ឧបករណ៍​ត្រូវបាន​ពន្លៀត​ចេញ​។ លើសពីនេះ​ទៀត អ្នក​ប្រើ​អាច​ឆែក​វេ​ប​សាយ មើល​វីដេអូ ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត និង​ធ្វើ​កិច្ចការ​ចម្រុះ ដោយ​រលូន ក្នុងពេល​ដំណាលគ្នា ដោយ​ប្រើ​កម្មវិធី​សកម្ម​ចំនួន​៣​នៅលើ​អេក្រង់​ធំ​”​។​

​អេក្រង់​របស់​វា​គឺ​ស្តើង​ជាង​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត​របស់ Samsung ដល់​ទៅ ៤៥ ភាគរយ​។

​ប្រព័ន្ធ​ប្រតិបត្តិការ Android ឥឡូវនេះ​នឹង​ប្រើ​ត្រូវ​គ្នា​ជាមួយ​ឧបករណ៍​ដែលជា​ស្មា​ត​ហ្វូ​ន​ពាក់កណ្តាល និង​ជា​ថេ​ប្លេ​ត​ពាក់កណ្តាល ជាមួយ​អេក្រង់​បច្ចេកវិជ្ជា​ខ្ពស់​ស្រោប​ជិតជុំ​វិញ​។

​លោក ដេ​វ បួ​កេ អនុប្រធាន​ផ្នែក​វិស្វកម្ម​សម្រាប់ Android បាន​ប្រាប់​សន្និសីទ Google មួយ​កាលពី​ថ្ងៃ​ពុធ​ថា “​វា​ជា​គំនិត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​យើង​រំពឹងថា​នឹង​ឃើញ​ផលិតផល​អាច​បត់បែន​បានជា​ច្រើន​ទៀត​ចេញពី​បណ្តា​ក្រុមហ៊ុន​ផលិត Android”​។​

​លោក​បួ​កេ​បាន​និយាយថា “​ការពិត​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Samsung លើ​ឧបករណ៍​ថ្មី​មួយ ដែល​ពួកគេ​គ្រោង​នឹងដាក់​លក់​នៅ​ដើមឆ្នាំ​ក្រោយ​”៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ​អាច​បត់បែន​បាន​ទំហំ ៧,៣ អ៊ី​ញ​របស់ Samsung នឹងដាក់​លក់​នៅ​ប៉ុន្មាន​ខែ​ទៀត​នេះហើយ