ក្រុមហ៊ុន Samsung នឹង​បញ្ចេញ​សូ​ហ្វ​វែ​ជួសជុល បន្ទាប់ពី​ទូរស័ព្ទ Galaxy S10 មាន​បញ្ហា​ជាមួយ​ប្រព័ន្ធ​ស្កែ​ន​ក្រយៅដៃ​

330
ចែករម្លែក

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Samsung បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​ថា គុណវិបត្តិ​នៃ​ប្រព័ន្ធ​ស្កែ​ន​ក្រយៅដៃ​របស់​ទូរស័ព្ទ​លំដាប់​កំពូល Galaxy S10 របស់ខ្លួន ដែល​អនុញ្ញាតឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​បើក​បាន​ដោយ​ភាគី​ទី​បី នឹង​ត្រូវបាន​ជួសជុល​ឆាប់ៗ​នេះ​។​

​អ្នកប្រើប្រាស់​នៅ​ចក្រភព​អង់គ្លេស​ម្នាក់​បាន​ប្រាប់​កាសែត Sun នៅ​ដើម​សប្តាហ៍​នេះ​ថា ទូរស័ព្ទ​របស់​នាង​អាច​ដោះ​សោបាន​ដោយ​អ្នក​ផ្សេងទៀត ដោយ​គ្រាន់តែ​ដាក់​ឧបករណ៍​ការពារ​អេក្រង់ និង ប្រើ​ស្នាម​ម្រាមដៃ​មិនបាន​ចុះបញ្ជី​។​

​នាង​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​អង់គ្លេស​នេះ​ថា “​នេះ​មានន័យថា​ប្រសិនបើ​នរណាម្នាក់​កាន់​ទូរស័ព្ទ​របស់ខ្ញុំ ពួកគេ​អាច​ចូល​ប្រើ​វា​បាន ហើយ​ក្នុងពេល​តែមួយ​ភ្លែត​អាច​ចូលទៅក្នុង​កម្មវិធី​ហិរញ្ញវត្ថុ​និង​ផ្ទេរប្រាក់​”​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Samsung ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា​ក្រុមហ៊ុន​នឹង​រៀបចំ​ការជួសជុល​នៅពេល​ឆាប់ៗ​នេះ​ប៉ុន្តែ​មិនបាន​និយាយ​អំពី​មូល​ហេតុដែល​បណ្តាលឱ្យមាន​បញ្ហា​នេះ​ទេ​។​

​លោកស្រី​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះហើយ​នឹងដាក់​ពង្រាយ​នូវ​សូ​ហ្វ​វែ​ជួសជុល​មួយ​ឆាប់ៗ​នេះ​”​។​

​ធនាគារ​អ៊ី​ន​ធឺ​ណេ​ត​តែមួយគត់​របស់​កូរ៉េខាងត្បូង Kakaobank បាន​ប្រាប់​អតិថិជន​របស់ខ្លួន​ឱ្យប្រើ​លេខ​សម្ងាត់​និង​សោ Pattern នៅពេល​ប្រើ​សេវាកម្ម​ធនាគារ​ចល័ត​រហូតដល់​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួច​៕ ដោយ៖ កញ្ញាដាលីស

Galaxy S10