Samsung A9 បំពាក់​កាមេរ៉ា​ខាងក្រោយ​ដល់​ទៅ ៤ គ្រាប់ ហើយ​តម្លៃ​ទាប​ជាង iPhone XS Max ពាក់កណ្តាល

1596
ចែករម្លែក

​ក្រុមហ៊ុន Samsung បានប្រកាស​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ ដែល​ក្រុមហ៊ុន​និយាយថា ជា​ទូរស័ព្ទ​ដំបូង​គេ​លើ​ពិភពលោក​ដែលមាន​កាមេរ៉ា​ខាងក្រោយ​ចំនួន​៤​គ្រាប់​។​

​ទូរស័ព្ទ A9 របស់​ក្រុមហ៊ុន​កូរ៉េ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តោត​សំខាន់​ទៅលើ “​ជំនាន់ Instagram” ហើយនឹង​ដាក់លក់​នៅ​ចក្រភព​អង់គ្លេស​នៅ​ខែវិច្ឆិកា​។​

​ទូរស័ព្ទ A9 នឹង​ស្ថិតនៅ​ពីក្រោម​ទូរស័ព្ទ Samsung Galaxy S9 និង Note 9 ដែល​ចេញលក់​កាលពីដើម​ឆ្នាំនេះ ក្នុងនាម​ជា​ទូរស័ព្ទ​លំដាប់​មធ្យម ល្អ​ដាច់​គេ​របស់ខ្លួន​។​

​នៅឯ​តម្លៃ ៧២៥ ដុល្លារ​អាមេរិក វា​មានតម្លៃ​ទាប​ជាង​ពាក់កណ្តាល​ធៀប​នឹង​ទូរស័ព្ទ iPhone XS Max តម្លៃ ១.៤៥៥ ដុល្លារ​របស់​ក្រុមហ៊ុន Apple ដែល​បាន​ដាក់លក់​កាលពី​ខែ​មុន​។​

​ក្រុមហ៊ុនទូរស័ព្ទ​យក្ស​កូរ៉េ រួមជាមួយ​គូប្រជែង Apple បាន​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​ទូរស័ព្ទ​ប្រណីត​តម្លៃ​ទាប​ពី​ក្រុមហ៊ុន​ដូចជា OnePlus, Honour និង​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​ជាច្រើន​ទៀត ជាហេតុ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​យក្សៗ​ទាំងនេះ​បង្កើត​ទូរស័ព្ទ​លំដាប់​មធ្យម​ជាច្រើន​ប្រភេទ ដែល​បំពាក់​បច្ចេកវិជ្ជា​ទំនើប​ដែល​ទុក​សម្រាប់តែ​ស្មា​ត​ហ្វូ​ន​ប្រណីត​លំដាប់ Flagship​។​

​ទូរស័ព្ទ A9 មាន​កាមេរ៉ា​ទំហំ ២៤ មេ​ហ្គា​ភិ​ច​សែ​ល​ក៏ដូចជា Len អាច​ហ្ស៊ូ​ម​បាន​ឆ្ងាយ ថត​បាន​មុំ​ធំ​ទូលាយ និង​ថត​លក្ខណៈ​ព្រិល​នៅ​ផ្ទៃ​ខាងក្រោយ ដើម្បី​ជួយ​ដល់​ការថតរូប​តាម​ទូរស័ព្ទ​ឱ្យ​កាន់តែ​ប្រសើរ​។​

​ទូរស័ព្ទ​ថ្មី​នេះ​ក៏បាន​ភ្ជាប់​មកជា​មួយ Sensor ស្កែ​ន​ក្រយៅដៃ សមត្ថភាព​ទូទាត់​តាម​ទូរស័ព្ទ និង អាច​បន្ថែម​អង្គ​ចងចាំ​ខាងក្រៅ​បាន​រហូតដល់​ទៅ ៥១២ GB ដែល​លក្ខណៈពិសេស​ទាំងអស់នេះ​គឺ​មានតែ​នៅលើ​ស្មា​ត​ហ្វូ​ន​លំដាប់​ប្រណីត​ប៉ុណ្ណោះ​។​

​ប្រធាន​ផ្នែក​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន Samsung លោក ឌី​ជេ កោះ (DJ Koh) បាន​និយាយថា ក្រុមហ៊ុន​មានបំណង​ផ្តល់ជូន​នូវ​លក្ខណៈពិសេស​ចុងក្រោយ​បំផុត​ដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ A9 បំពាក់​កាមេរ៉ា​ក្រោយ​ដល់​ទៅ ៤ គ្រាប់ មិន​ធ្លាប់មាន​ពីមុនមក
#