ក្រុមហ៊ុន Samsung ប្រកាស​ចាប់​ដៃគូ​ជាមួយ Apple យ៉ាង​ភ្ញាក់ផ្អើល​នៅ​ពិព័រណ៍ CES

216

​ក្រុមហ៊ុន Samsung បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​មួយ​នៅមុន​ពិព័រណ៍​បច្ចេកវិជ្ជា CES ដោយ​ប្រកាស​ពី​ភាពជា​ដៃគូ​ទូរទស្សន៍​ថ្មី​ជាមួយនឹង​គូប្រជែង​យូរអង្វែង​របស់ខ្លួន គឺ​ក្រុមហ៊ុន Apple​។​

​កម្មវិធី​ទូរស័ព្ទ iTunes Movies និង TV Shows របស់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone នេះ​នឹង​ត្រូវបាន​ណែនាំ​នៅលើ​ទូរទស្សន៍​ឆ្លាត Samsung នៅ​ចុងឆ្នាំ ២០១៩ ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​សហការគ្នា​តាម​របៀបនេះ​នៅក្នុង​ទីផ្សារ​ទូរទស្សន៍​។​

​ការ​ត្រូវ​គ្នា​ជាមួយ​ការតភ្ជាប់ AirPlay 2 ឥត​ខ្សែ​របស់ Apple ក៏​នឹងត្រូវ​ណែនាំ​ផងដែរ ដែល​នេះ​មានន័យថា អ្នក​ប្រើ iPhone និង iPad របស់​ក្រុមហ៊ុន Apple នឹង​អាច​បើក​មើល​មាតិកា​នានា​នៅលើ​ទូរទស្សន៍​ឆ្លាត​របស់ Samsung​។​

​ក្រុមហ៊ុន​ទាំងពីរ​បានក្លាយ​ជា​គូប្រជែង​នឹង​គ្នា​ជា​យូរ​មកហើយ​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន កុំព្យូទ័រ បន្ទះ​ឈី​ប និង​ទីផ្សារ​ផ្សេងទៀត​។​

​លោក វ៉ុ​ន​ជីន​លី អនុប្រធាន​ប្រតិបត្តិ​ផ្នែក​អាជីវកម្ម​ទូរទស្សន៍​របស់​ក្រុមហ៊ុន​កូរ៉េ​បាន​និយាយថា “​យើង​មាន​មោទនភាព​ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​ឧស្សាហកម្ម​កំពូលៗ ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​មាតិកា​ទូលំទូលាយ​បំផុត​ដល់​ទូរទស្សន៍​ឆ្លាត​របស់​យើង​។ ការនាំយក​នូវ​មាតិកា​បន្ថែម តម្លៃ និង​មុខងារ​កម្មវិធី​ដ៏​បើកទូលាយ​ដល់​ម្ចាស់​ទូរទស្សន៍ Samsung និង​អតិថិជន Apple តាមរយៈ iTunes និង AirPlay គឺជា​រឿង​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​”​។​

​លោក អេ​ដ​ឌី ឃ្យូ តំណាង​របស់​ក្រុមហ៊ុន Apple បាន​និយាយ​អំពី​សេចក្តីប្រកាស​នេះ​ថា “​យើង​ទន្ទឹងរង់ចាំ​នាំមក​នូវ​បទពិសោធន៍ iTunes និង AirPlay 2 ទៅកាន់​អតិថិជន​កាន់តែ​ច្រើនឡើង​នៅ​ទូទាំង​ពិភពលោក​តាមរយៈ Samsung Smart TV ដូច្នេះ​អ្នក​ប្រើ iPhone, iPad និង Mac មាន​វិធី​មួយទៀត​ដើម្បី​រីករាយ​នឹង​មាតិកា​ពេញនិយម​របស់​ពួកគេ​នៅលើ​អេក្រង់​ធំ​បំផុត​នៅក្នុង​ផ្ទះ​របស់​ពួកគេ​”៕ ដោយ៖ កញ្ញាដាលីស

Samsung សហការ​ជាមួយ Apple លើ​ការដាក់បញ្ចូល​កម្មវិធី iTunes Movies និង TV Shows នៅលើ​ទូរទស្សន៍​ឆ្លាត