ក្រុមហ៊ុន Samsung ពន្យារពេល​ចេញលក់​ទូរស័ព្ទ Galaxy Fold ដោយសារ​បញ្ហា​អេក្រង់​

791
ចែករម្លែក

​ក្រុមហ៊ុន Samsung Electronics បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មេសា​ថា ខ្លួន​នឹង​ពន្យារពេល​ការចេញលក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បត់​បាន Galaxy Fold របស់ខ្លួន​ក្នុង​រយៈពេល​មិន​កំណត់​មួយ​បន្ទាប់ពី​ពួក​អ្នកពិនិត្យ​បង្ហាញ​បាន​រកឃើញ​បញ្ហា​ជាមួយនឹង​អេក្រង់​របស់​វា ដែល​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។​

​យោងតាម​លោក​ផា​ទ្រី​ក ម៉ួ​ហេ​ត ស្ថាបនិក​នៃ​ក្រុមហ៊ុន Moor Insights & Strategy ដែល​បាន​និយាយថា​គាត់​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​នេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​មុន​ពួក​អ្នកពិនិត្យ​បង្ហាញ​ផលិតផល​បានចាប់ផ្ដើម​បង្ហោះ​នូវ​បញ្ហា​ជាមួយនឹង​ឧបករណ៍​នេះ​នៅលើ​បណ្តាញ​សង្គម Twitter ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន​មិនបាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ខូច​អេក្រង់​នោះទេ​។​

​លោក​ម៉ួ​ហេ​ត​បាន​និយាយថា ទូរស័ព្ទ​បត់​បាន​តម្លៃ ១.៩៨០ ដុល្លារ​ចំនួន​ប្រហែល ៥០​គ្រឿង​ត្រូវបាន​បញ្ជូន​ឱ្យធ្វើ​ការពិនិត្យ​បង្ហាញ​ដល់​អ្នកកាសែត ក្រុមអ្នកវិភាគ និង​ពួក​អ្នកសរសេរ​ប្លុក​នៅ​សហរដ្ឋអាមេរិក នៅមុន​ការដាក់​លក់​ដែល​គ្រោងទុក​នៅ​ថ្ងៃទី ២៦ មេសា​។​

​គេ​ដឹង​មិនទាន់​ច្បាស់​ភ្លាមៗ​ទេ​ថា​តើ​មាន​ឧបករណ៍​ប៉ុន្មាន​គ្រឿង​ដែលមាន​បញ្ហា​។ ទូរស័ព្ទ​ចំនួន​បួន​ដែល​បាន​ផ្ញើ​ទៅ​អ្នកកាសែត​និង​អ្នកលេង YouTube ម្នាក់ គឺមាន​បញ្ហា​។ នេះ​បើ​យោងតាម​ប្រកាស​របស់​ពួកគេ​នៅលើ Twitter​។​

​ក្រុមហ៊ុន Samsung បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើសពី​សេចក្តីថ្លែងការណ៍​ដែល​បានរៀបចំ​នោះទេ​។​

​អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ដើម្បី​វាយតម្លៃ​យ៉ាង​ពេញលេញ​នូវ​ប្រតិកម្ម​នេះ​និង​ដំណើរការ​ការធ្វើ​តេស្ត​ផ្ទៃក្នុង​បន្ថែមទៀត យើង​បាន​សម្រេចចិត្ត​ពន្យារពេល​ការចេញលក់​ទូរស័ព្ទ Galaxy Fold​។ យើង​គ្រោង​នឹង​ប្រកាស​កាលបរិច្ឆេទ​ចេញលក់​នៅក្នុង​សប្តាហ៍​ខាងមុខ​”​។​

​ក្រុមហ៊ុន Samsung ក៏បាន​ពន្យារពេល​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ឧបករណ៍​នេះ ដែល​គ្រោង​ធ្វើឡើង​នៅ​សប្តាហ៍​នេះ​នៅ​ហុងកុង​និង​សៀង​ហៃ​ផងដែរ​។​

​ខណៈដែល​ក្រុមហ៊ុន Samsung មិនបាន​និយាយថា​ពន្យារ​យូរ​ប៉ុនណា​ឬថា​តើ​ការផលិត​ឧបករណ៍​នេះ​នឹងត្រូវ​បញ្ចប់​ទាំងស្រុង​ឬ​យ៉ាងណា​នោះ ក្រុមអ្នកវិភាគ​មួយចំនួន​បាន​និយាយថា​ការពន្យារ​ពេលនេះ​គឺ​តូចតាច​ទេ​បើ​ប្រៀបធៀប​ទៅនឹង​ការប្រមូល​យកមក​វិញ​និង​ការបញ្ឈប់​ផលិតកម្ម ដែល​ក្រុមហ៊ុន​បាន​ជួបប្រទះ​ជាមួយនឹង​ទូរស័ព្ទ Galaxy Note 7 របស់ខ្លួន​កាលពី​ឆ្នាំ ២០១៦៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ​បត់​បាន Galaxy Fold
#