ក្រុមហ៊ុន Sharp បញ្ឈប់​បុគ្គលិក​បរទេស ៣០០០ នាក់ ហើយ​រើ​រោងចក្រ​ទៅ​ចិន​

507

​សារព័ត៌មាន​ជប៉ុន Nikkei បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ធ្នូ​ថា ក្រុមហ៊ុន Sharp Corp បាន​បញ្ឈប់​បុគ្គលិក​បរទេស​ជាង ៣ ពាន់​នាក់​នៅ​ប្រទេស​ជប៉ុន ខណៈដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple នេះ​រើ​រោងចក្រ​ផលិត​ឧបករណ៍​ចាប់​សញ្ញា (Sensor) របស់​ទូរស័ព្ទ iPhone ទៅកាន់​រោងចក្រ​ចិន​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនមេ Foxconn​។​

Nikkei និយាយថា ការកាត់បន្ថយ​ការងារ​យ៉ាងច្រើន​នេះ​ធ្វើឡើង​ចំពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​ជជែក​វែកញែក​ថា​តើ​ត្រូវ​នាំ​ពលករ​បរទេស​ចូលធ្វើការ​ឬ​អត់​ក្នុងពេល​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ជាតិ​។​

​កាលពី​ខែតុលា ក្រុមហ៊ុន Sharp បានបង្ហាញ​ទស្សនវិស័យ​នៃ​ប្រាក់ចំណេញ​ពេញ​មួយឆ្នាំ​របស់ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​ការ​ងើបឡើង​វិញ​ក្រោម​ការកាន់កាប់​របស់​ក្រុមហ៊ុន Foxconn ។​

​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​អូ​សា​កា​នេះ​បាន​កាត់បន្ថយ​ការចំណាយ បន្ទាប់ពី​ត្រូវបាន​កាន់កាប់​ដោយ​ក្រុមហ៊ុន Foxconn ដែល​គេ​ស្គាល់​ជា​ផ្លូវការ​ថា Hon Hai Precision Industry Co Ltd នៅ​ឆ្នាំ ២០១៦ ខណៈដែល​ក្រុមហ៊ុន​នេះ​ជួប​ការលំបាក​ក្នុងការ​ប្រជែង​ជាមួយ​គូប្រជែង​កូរ៉េខាងត្បូង​ក្នុង​បច្ចេកវិជ្ជា​អេក្រង់ OLED៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Sharp រើ​រោងចក្រ​ទៅ​ចិន​ហើយ