ក្រុមហ៊ុន SpaceX បាញ់​បង្ហោះ​យាន Falcon Heavy ជាមួយ​ផ្កាយរណប ២៤ គ្រឿង​

530
ចែករម្លែក

​ក្រុមហ៊ុន SpaceX បាន​បាញ់​បង្ហោះ​យាន Falcon Heavy របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី ក្នុង​រដ្ឋ​ផ្លរីដា ដោយ​ដឹក​ផ្កាយរណប​ពិសោធន៍​ចំនួន ២៤ គ្រឿង ក្នុង​អ្វីដែល​ក្រុមហ៊ុន​រ៉ុក្កែត​របស់លោក​អេ​ឡុ​ន ម៉ាស ហៅថា​ជាការ​បាញ់បោះ​មួយ​ដ៏​លំបាក​បំផុត ដែល​ខ្លួន​ធ្លាប់​ប៉ុនប៉ង​ពីមុន​។​

​យាន​នេះ​បាន​បាញ់​បង្ហោះ​ជាមួយ​ការស្រែក​អបអរសាទរ​ពី​អ្នក​ឈរ​មើល​ជាច្រើន​នាក់​នៅ​ម៉ោង ២:៣០ នាទី​ទៀបភ្លឺ បន្ទាប់ពី​ការពន្យារពេល​៣​ម៉ោង​ពី​ការបាញ់​បង្ហោះ​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​យប់​ជ្រៅ​ថ្ងៃ​ចន្ទ​។​

​រ៉ុក្កែត​បាន​បំបែកចេញ​ដោយ​សុវត្ថិភាព​ហើយ​យាន​បានចាប់ផ្តើម​បេសកកម្ម​រយៈពេល​៦​ម៉ោង​របស់ខ្លួន​ដើម្បី​ដាក់ពង្រាយ​ផ្កាយរណប​។​

​បេសកកម្ម ដែលមាន​ឈ្មោះថា កម្មវិធី​សាកល្បង​អវកាស​ទី​២ (STP-2) គឺជា​បេសកកម្ម​ទី​៣​សម្រាប់​រ៉ុក្កែត Falcon Heavy ដែល​គេ​ចាត់ទុកថា​ជា​ប្រព័ន្ធ​បាញ់​បង្ហោះ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ពិភពលោក​។​

​បេសកកម្ម​នេះ​ត្រូវបាន​ប្រគល់​ឱ្យធ្វើ​ដោយ​ក្រសួងការពារជាតិ​អាម៉េរិក ដែលជា​អ្នកម៉ៅការ​សំខាន់​សម្រាប់​ក្រុមហ៊ុន​អវកាស​ពាណិជ្ជកម្ម ដូចជា​ក្រុមហ៊ុន SpaceX ។​

​ក្រុមហ៊ុន​នេះ​កំពុង​ដាក់​ផ្កាយរណប​ចូលទៅ​គន្លង​តារាវិថី​សម្រាប់​ទីភ្នាក់ងារ​ផ្សេងៗ​រួមទាំង​អង្គការ​ណា​សា មន្ទីរ​គ្រប់គ្រង​បរិយាកាស​និង​សមុទ្រ​ជាតិ (NOAA) មន្ទីរពិសោធន៍​ក្រសួងការពារជាតិ សាកលវិទ្យាល័យ​នានា និង​អង្គ​ការមិន​រកប្រាក់​ចំណេញ​៕ ដោយ៖ កញ្ញាដាលីស

យាន​រ៉ុក្កែត Falcon Heavy ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី ក្នុង​រដ្ឋ​ផ្លរីដា​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​អង្គារ
#