ក្រុមហ៊ុន SpaceX ប្រកាសដៃគូថ្មីមួយដើម្បីបញ្ជូនអ្នកទេសចរបួននាក់ទៅជ្រៅក្នុងគន្លងគោចរ

253
ចែករម្លែក

ក្រុមហ៊ុន SpaceX បានប្រកាសភាពជាដៃគូថ្មីមួយកាលពីថ្ងៃអង្គារទី១៨កុម្ភៈដើម្បីបញ្ជូនភ្ញៀវទេសចរចំនួនបួននាក់ចូលទៅក្នុងគន្លងគោចរជ្រៅជាងពលរដ្ឋឯកជនណាៗទាំងអស់មុនពួកគេ នៅក្នុងបេសកកម្មមួយដែលអាចនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២២ និងចំណាយថវិកាយ៉ាងតិចជាង ១០០ លានដុល្លារ។

ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Space Adventures ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និង ធ្លាប់បម្រើការជាអន្តរការីដើម្បីបញ្ជូនអ្នកទេសចរអវកាសចំនួន ៨ នាក់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) តាមរយៈរ៉ុក្កែត Soyuz របស់រុស្ស៊ី។

អ្នកទេសចរអវកាសដំបូងបង្អស់គឺលោក ដេននីស ទីតូ ដែលបានចំណាយប្រាក់ ២០ លានដុល្លារសម្រាប់ការស្នាក់នៅរយៈពេល៨ម៉ោងនៅលើ ISS កាលពីឆ្នាំ ២០០១។ អ្នកធ្វើដំណើរចុងក្រោយគេបំផុតគឺស្ថាបនិកក្រុមហ៊ុន Cirque du Soleil លោក ហ្គាយ ឡាលីបឺត ក្នុងឆ្នាំ ២០០៩។

អ្នកទេសចរថ្មីនឹងត្រូវដឹកតាមយានអវកាស Crew Dragon របស់ក្រុមហ៊ុន​ SpaceX ដែលអភិវឌ្ឍដើម្បីដឹកអវកាសយានិករបស់អង្គការណាសា ហើយគ្រោងនឹងធ្វើការហោះហើរដោយមានអវកាសយានិកលើកដំបូងរបស់ខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ។

លោក ថម សែលលី ប្រធានក្រុមហ៊ុន Space Adventure បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “គោលដៅរបស់យើងគឺព្យាយាមឡើងឱ្យខ្ពស់ជាងស្ថានីយអវកាសអន្តរជាតិប្រហែល ២ ទៅ ៣ ដង”។

លោកសែលលីបានបន្ថែមថា ស្ថានីយ ISS ធ្វើគោចរនៅចម្ងាយ ៤០០ គីឡូម៉ែត្រពីលើផ្ទៃផែនដី ប៉ុន្តែកម្ពស់ពិតប្រាកដនៃបេសកកម្មរបស់ក្រុមហ៊ុន Space Adventures នឹងត្រូវកំណត់ដោយក្រុមហ៊ុន SpaceX ។

លោកនិយាយថា ដំណើរបេសកកម្មនេះអាចនឹងកើតឡើងឆាប់បំផុតនៅចុងឆ្នាំ ២០២១ បើមិនអ៊ីចឹង “ទំនងជានៅឆ្នាំ ២០២២”។

លោកបន្ថែមថា អំឡុងពេលបេសកកម្មនឹងអាស្រ័យលើអ្វីដែលអតិថិជនចង់បាន៕ ដោយ៖ កញ្ញាដាលីស

បេសកកម្មដឹកអ្នកទេសចរទៅគន្លងគោចរអាចនឹងធ្វើឡើងនៅឆ្នាំ២០២២