ក្រុមហ៊ុន Toyota ចេញ​រថយន្ត Corolla ស៊េរី ២០១៩

1150
ចែករម្លែក
  • 186
    Shares

​រថយន្ត​ខ្នាតតូច​លក់ដាច់​បំផុត​នៅ​ថៃ​កំពុង​បន្ត​ច្បាម​យក​អតិថិជន​វ័យក្មេង​របស់ខ្លួន​ជា​បន្តទៀត ជាមួយ​បទពិសោធន៍​បើកបរ​កាន់តែ​អស្ចារ្យ​ជាង​មុន​។

​បន្ទាប់ពី​បាន​ចេញលក់​រថយន្ត​ទ្វារ​ប្រាំ Corolla Hatchback និង Corolla ប្រភេទ​ស្ព័​រ​កាលពីដើម​ឆ្នាំនេះ​រួចមក ឥឡូវនេះ​ក្រុមហ៊ុន Toyota បាន​បញ្ចេញ​ម៉ូ​ដែល​ថ្មី​មួយទៀត គឺ Corolla Sedan ស៊េរី​ឆ្នាំ ២០១៩ នៅ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​រថយន្ត​អន្តរជាតិ​ទីក្រុង​ក្វាង​ចូ​វប្រ​ទេស​ចិន​។​

​ដោយ​បង្ហាញខ្លួន​លើកដំបូង​នៅ​ពិព័រណ៍​ដែល​កំពុង​រៀបចំ​នៅ​ក្វាង​ចូ​វ រថយន្ត Corolla ទ្វារ​បួន​នេះ​មាន​រូបរាង​ស្រដៀង​រថយន្ត​ស្ព័​រ​ស៊េរី​មុន​របស់​វា​ដែរ ដើម្បី​ទាក់ទាញ​អតិថិជន​វ័យក្មេង​។ វា​មាន​ប្រវែង ៤,៦ ម៉ែត្រ ទទឹង ១,៧ ម៉ែត្រ កម្ពស់ ១,៤ ម៉ែត្រ និង ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ២,៧ ម៉ែត្រ​។​

​រថយន្ត Corolla Sedan ម៉ូ​ដែល L, LE និង XLE បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង មាន​កម្លាំង ១៣៩ សេះ និង​ប្រើ​ប្រអប់លេខ CVT ដូច​ជំនាន់​មុន​ដែរ ប៉ុន្តែ​មាន​កម្លាំង​ខ្លាំង​ជាង​មុន ហើយ​ស៊ីសាំង​តិចជាង​មុន​។ ចំណែកឯ​ម៉ូ​ដែល SE និង XSE បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ​ថ្មី ទំហំ ៤ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន ១៦៩ សេះ​។ ចំពោះ​ម៉ូ​ដែល XSE មាន​ជម្រើស​ប្រអប់លេខ​ដៃ ៦ វគ្គ និង​មុខងារ Electronic Rev-match ទៀតផង​។​

​សម្រាប់​ផ្នែក​ខាងក្នុង រថយន្ត Corolla នេះ ត្រូវបាន​រចនា​ឡើងវិញ ស្រដៀង​ទៅនឹង​ប្រភេទ Hatchback ដោយ​បំពាក់​អេក្រង់ Toyota Entune 3.0 ប្រភេទ Touchscreen ទំហំ ៨ អ៊ី​ញ គ្រប់​ម៉ូ​ដែល លើកលែងតែ​ម៉ូ​ដែល L ប្រើ​អេក្រង់​ទំហំ ៧ អ៊ី​ញ​។​

​ប្រព័ន្ធ​កម្សាន្ត Toyota Entune 3.0 ស៊េរី​ថ្មី​នេះ ក៏មាន​មុខងារ Apple CarPlay និង Amazon Alexa ផងដែរ ខណៈ Android Auto នៅ​មិនទាន់មាន​ឡើយ​។ ចំណែកឯ​កុង​ទ័​រវិ​ញ មាន​ទំហំ ៤,២ អ៊ី​ញ​ជា​ស្តង់ដារ ខណៈ​កុង​ទ័​រ​ទំហំ ៧ អ៊ី​ញ​ជា Option​។​

​ក្រុមហ៊ុន Toyota អះអាងថា Corolla ស៊េរី​ឆ្នាំ ២០១៩ នេះ នឹងមាន​កន្លែង​ធំ​ទូលាយ​ជាង Corolla ស៊េរី​មុនៗ ដោយសារតែ​ការរៀបចំ​កៅអីអង្គុយ​ទាប​ជាង​មុន​។​

Corolla ស៊េរី​ឆ្នាំ ២០១៩ ក៏មាន​ប្រភេទ​ហាយ​ប្រ៊ី​ដ​ចំនួន​២​ម៉ូ​ដែល​ផងដែរ ដោយ​បំពាក់​ប្រអប់លេខ​អូ​តូ​ប្រភេទ CVT ដូចគ្នា​។ ពពួក​ឡាន​ហាយ​ប្រ៊ី​ដ​មិនដែល​ពេញនិយម​នៅ​ថៃ​នោះទេ ប៉ុន្តែ​ជាមួយ Corolla ស៊េរី​ថ្មី ដែល​ជួយ​បន្ថយថ្លៃ​បង់ពន្ធ ៤​ភាគរយ និង​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​តិចជាង​១០០​ក្រាម​ក្នុង​មួយ​គីឡូម៉ែត្រ អតិថិជន​ថៃ​ប្រហែលជា​ពិចារណា​ប្រើប្រាស់​វា​។

​ដោយ​ឥឡូវ​រថយន្ត C-HR និង Camry មាន​ជម្រើស​ហាយ​ប្រ៊ី​ដ​កំពុង​ដាក់លក់​នៅ​ថៃ វា​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ ដែល Corolla នឹងមាន​ប្រភេទ​ហាយ​ប្រ៊ី​ដ​ដែរ​នៅក្នុង​ឆ្នាំ ២០១៩​។​

Corolla ២០១៩ ប្រភេទ​ហាយ​ប្រ៊ី​ដ ដាក់លក់​នៅ​ថៃ​ក្នុងតម្លៃ ១ លាន​បាត និង​ម៉ាស៊ីន​សាំង​តាម​ទំហំ​ម៉ាស៊ីន ១,៨ ឬ ២,០ គឺ​លក់​ក្នុងតម្លៃ ៨០០.០០០ ទៅ ៩៥០.០០០ បាត​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Corolla ស៊េរី ២០១៩