បន្តិចទៀតរថយន្តPriusដើរ​ដោយ​ថាមពលព្រះអាទិត្យ​សុទ្ធ ​មិនចាំបាច់​ដោត​ខ្សែភ្លើង​សាក​ថាមពល​

300
ចែករម្លែក

បំផុសគំនិត​ដោយ​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​ស្តើង​ថ្មី​ដែល​បង្កើតឡើង​សម្រាប់​ផ្កាយរណប គម្រោង​មួយ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Toyota Motor Corp កំពុងធ្វើការ​ពិសោធ​ជាមួយ​រថយន្ត Prius ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ខ្លួន​សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹងមិន​ចាំបាច់​ដោត​ខ្សែភ្លើង​សាក​នោះឡើយ​។​

​នៅក្នុង​គម្រោង​សាកល្បង​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​ជប៉ុន វិស្វករ​ក្រុមហ៊ុន Toyota បាន​បំពាក់​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ​បង្កើត​ដោយ​ក្រុមហ៊ុន Sharp Corp ទៅនឹង​គម្រប​ក្បាល​មុខ​រថយន្ត ដំបូល បង្អួច​ខាងក្រោយ និង កាង​នៅលើ​គូទ​ឡាន ដើម្បី​ពិនិត្យ​មើលថា​តើ​ពន្លឺព្រះអាទិត្យ​អាចបង្កើត​ថាមពល​បាន​ប៉ុន្មាន​។​

​ថាមពល​អគ្គិសនី​ពី​បន្ទះ​ពន្លឺព្រះអាទិត្យ​គឺ​ចូលទៅ​ដោយផ្ទាល់​ក្នុង​អាគុយ​ស្ងួត ដូច្នេះ​រថយន្ត Prius អាច​សាក​ភ្លើង​បាន​ពេល​កំពុងបើក ឬ នៅពេល​ចត​ចោល​។​

​នៅ​ថ្ងៃ​មេឃ​ស្រឡះ​ល្អ ការ​សាក​ភ្លើង​អាច​គ្រប់គ្រាន់​សម្រាប់​ការធ្វើដំណើរ​រហូតដល់ ៥៦ គីឡូម៉ែត្រ ច្រើនជាង​ចម្ងាយ ៤៧ គីឡូម៉ែត្រ​ដែល​បើកបរ​ក្នុង​មួយថ្ងៃ​ដោយ​ជនជាតិ​អាម៉េរិកាំង​ទូទៅ​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​មូលនិធិ AAA Foundation សម្រាប់​សុវត្ថិភាព​ចរាចរណ៍​។​

​ប៉ុន្តែ​សមត្ថភាព​សាក​ភ្លើង​នឹង​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស ប្រសិនបើ​មេឃ​មាន​ពពក​ច្រើនពេក​ឬ​មេឃ​ក្តៅ​ខ្លាំងពេក​។ ប្រសិនបើ​ប្រើ​ក្នុង​ការបើកបរ​ជាក់ស្តែង​ក្នុងស្ថានភាព​បែប​នោះ រថយន្ត Prius ចាំបាច់​ត្រូវតែ​ដោត​ខ្សែ​សាក​ភ្លើង​។​

​បន្ទះ​ពន្លឺព្រះអាទិត្យ​មាន​រាងស្តើង​ខ្លាំង គឺមាន​កម្រាស់​ត្រឹម ០,០៣ មិល្លីម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​វា​អាចដាក់​ទៅ​ល្មម​នឹង​តួ​រថយន្ត​។ វិស្វករ​ចាំបាច់​ត្រូវបង្កើត​ទ្រនាប់​ការពារ​រវាង​ឡាន​និង​បន្ទះ​ពន្លឺព្រះអាទិត្យ​ដើម្បី​ការពារ​ពួកវា ដូច្នេះ​ម៉ូឌុល​បន្ទះ​ពន្លឺព្រះអាទិត្យ​ជាក់ស្តែង​អាចមាន​កម្រាស់​ជិត​មួយ​សង់ទីម៉ែត្រ​។​

​ក្បាល​រថយន្ដ​នេះ​ត្រូវបាន​បំពេញ​ដោយ​អាគុយ​សម្រាប់​បន្ទះ​បន្លឺ​ថាមពលព្រះអាទិត្យ ដូច្នេះ​នឹង​បន្ថែម​ទម្ងន់​ប្រហែល ៨០ គីឡូក្រាម​។​

​លោក សា​តូ​ស៊ី ស៊ី​ហ្ស៊ូ​កា វិស្វករ​ដឹកនាំ​គម្រោង​នេះ​របស់​ក្រុមហ៊ុន Toyota បាន​និយាយថា “​ការធ្វើឱ្យ​ឡាន​ទាំងមូល​មាន​ទម្ងន់​ស្រាល​ជាង​មុន​និង​កាត់បន្ថយ​ថ្លៃដើម​ដ៏​ខ្ពស់ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​បច្ចេកវិជ្ជា​ថាមពល​ពន្លឺព្រះអាទិត្យ​”​។ លោក​បាន​បន្ថែមថា ការបង្កើត​រថយន្ត​បែបនេះ​សម្រាប់​ដាក់លក់​ទ្រង់ទ្រាយ​ធំ “​អាចមាន​រយៈពេល​ច្រើន​ឆ្នាំ​ទៅមុខទៀត​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Toyota កំពុង​ធ្វើតេស្ត​រថយន្ត Prius ដើរ​ដោយ​ថាមពលព្រះអាទិត្យ
#