ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន Intel កំពុងឧបត្ថម្ភ​ទឹកប្រាក់​សន្ធឹកសន្ធាប់​ដល់​ក្រុមហ៊ុន​មួយ​នៅ​អាមេរិក​ដើម្បី​ផលិត​តាក់ស៊ី​ហោះ​

202

​ក្រុមហ៊ុន​ថ្មីថ្មោង Joby Aviation បាន​បោះជំហាន​កាន់តែ​ជិត​ក្នុងការ​ធ្វើឱ្យ​តាក់ស៊ី​ហោះ​របស់ខ្លួន​ក្លាយជា​ការពិត​។​

​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​កំពុង​ផលិត​ឡាន​តាក់ស៊ី​អគ្គិសនី​ចេះ​ហោះ​បញ្ឈរ​នេះ បានទទួល​ប្រាក់ឧបត្ថម្ភ​ចំនួន ១០០ លាន​ដុល្លារ​ពី​វិនិយោគិន​មួយក្រុម ដឹកនាំ​ដោយ​ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន Intel​។​

​ប្រាក់​នេះ​នឹងត្រូវ​បាន​ប្រើ​ដើម្បី​អភិវឌ្ឍ “​ដ្រូ​ន​ខ្នាត​ធំ​” របស់​ក្រុមហ៊ុន ដែល​អាច​បើក​ដល់​ល្បឿន ៣២១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បំពាក់​ដោយ​អាគុយ​លី​ចូ​មនី​គែល​ខូ​បាល់​អុកស៊ីត​ម៉ាញេស្យូម​។​

​ដ្រូ​ន​គំរូ ឈ្មោះ Joby S2 មាន​ស្លាបចក្រ​ចំនួន ១៦ ដែល​ក្នុងនោះ ១២ ស្លាបចក្រ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការហោះហើរ​និង​ចុះចត​បញ្ឈរ (VTOL) ដែល​មានន័យថា មិនចាំបាច់​ត្រូវការ​ផ្លូវ​សម្រាប់​ហោះហើរ​ឡើង​នោះឡើយ​។​

​តាក់ស៊ី​ហោះ​នេះ​អាច​ហោះ​ឡើង​ដោយ​បញ្ឈរ ដូច​ឧទ្ធម្ភាគចក្រ មុនពេល​បត់​ស្លាបចក្រ​ចំនួន​១២​ចូលគ្នា ដូច្នេះ​វា​អាច​ហោះ​ដូច​យន្តហោះ នៅពេល​សំកាំង​នៅលើ​មេឃ​។​

​ដ្រូ​ន Joby S2 ស៊ី​ថាមពល​តិចជាង​ដ្រូ​ន​ធម្មតា​ដល់​ទៅ ៥ ដង និង អាច​បើក​លឿន​ជាង​ដ្រូ​ន​ដទៃ ៥ ដង ដូចគ្នា ប៉ុន្តែ​ល្បឿន​វា​គឺ​ស្មើនឹង​ឧទ្ធម្ភាគចក្រ​ទូទៅ​ដែរ​។​

​ក្រុមហ៊ុន Joby Aviation ជឿថា នឹងត្រូវ​ចំណាយ ២០.០០០ ដុល្លារ​ដើម្បី​ផលិត​តាក់ស៊ី​ហោះ​នេះ​ក្នុង​មួយគ្រឿង ហើយដោយ​សារ​វា​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ទាំងស្រុង ដូច្នេះ​ការចំណាយ​របស់​វា​នឹងមាន​ចំនួន​ទាប​ជាង​ឆ្ងាយ​ណាស់​ធៀប​នឹង​ឧទ្ធម្ភាគចក្រ​ចាក់​សាំង​។

​លោក ចូ​បិ​ន បេ​វើត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Joby Aviation និយាយថា “​ប្រសិនបើ​យើង​អាច​ផលិត​យន្តហោះ​ដែល​ស្ងាត់ សុវត្ថិភាព និង​ចំណាយ​តិច ហើយ​អ្នក​អាច​ហោះ​លឿន​ជាង ៥ ដង​ធៀប​នឹង​ការដឹកជញ្ជូន​លើដី​គោក នោះ​វា​នឹង​ផ្លាស់​ប្តូរជីវិត​មនុស្ស​ទាំង​ស្រុង​”​។​

​លោក​បេ​វើត​ជឿថា តាក់ស៊ី​លើ​មេឃ​ដើរ​ដោយ​ថាមពល​អគ្គិសនី ដូចជា Joby S2 ថ្ងៃ​ណាមួយ​នឹង​ដឹក​មនុស្ស​ជុំវិញ​ទីក្រុង​នានា​៕ ​ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ Joby S2 កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Joby Aviation