ក្រុមហ៊ុន Toyota បង្ហាញ​យាន​សម្រាប់​បើក​លើ​ឋាន​ព្រះ​ចន្ទ ដែល​អាច​ដឹក​អ​វ​កា​យានិក​ជប៉ុន​ដោយ​មិនចាំបាច់​ស្លៀកពាក់​ឈុត​អវកាស​

366
ចែករម្លែក
  • 3
    Shares

​ក្រុមហ៊ុន Toyota បានបង្ហាញ​ឱ្យឃើញ​នូវ​រូបរាង​យានអវកាស​ស្វ័យប្រវត្តិ​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ក្រុមហ៊ុន​អាច​នឹង​បញ្ជូនទៅ​ឋាន​ព្រះ​ចន្ទ​នាពេល​អនាគត​ឆាប់ៗ​នេះ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) ដើម្បី​អភិវឌ្ឍ​យាន​មួយ​ដែលមាន​សមត្ថភាព​ដឹក​អវកាសយានិក​នៅលើ​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​ដោយ​មិនចាំបាច់​ស្លៀកពាក់​ឈុត​អវកាស​។​

​នៅ​ទីបំផុត យាន​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​រុករក​ចម្ងាយ ១០.០០០ គីឡូម៉ែត្រ​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ JAXA មានបំណង​បាញ់​បង្ហោះ​ប្រព័ន្ធ​យានអវកាស​នេះ​នៅ​ឆ្នាំ ២០២៩​។​

​លោក ហ៊ី​រ៉ូ​ស៊ី យ៉ាម៉ា​កា​វ៉ា (Hiroshi Yamakawa) ប្រធាន​ទីភ្នាក់ងារ​អវកាស JAXA បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា​ថា “​យាន​ដឹក​មនុស្ស​ដែលមាន​កាប៊ីន​ប្រើ​សម្ពាធ​ទំនាញ​ដូច​លើ​ផែនដី​នេះ​គឺជា​ធាតុ​មួយ ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រុករក​ពេញលេញ​និង​ការប្រើប្រាស់​ផ្ទៃ​ឋាន​ព្រះ​ចន្ទ​”​។​

​កាប៊ីន​មាន​សម្ពាធ​នៅ​ខាងក្នុង​នឹង​អនុញ្ញាតឱ្យ​យានអវកាស​នេះ​ដឹក​អវកាសយានិក​ឆ្លងកាត់​ផ្ទៃ​ព្រះ​ចន្ទ​ដ៏​សែន​វែង​។​

​យាន​គំរូ​របស់​ក្រុមហ៊ុន Toyota ដែល​បង្ហាញឱ្យឃើញ​នៅក្នុង​វីដេអូ​ថ្មី​និង​រូបភាព​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ នឹងត្រូវ​រចនា​ឡើង​ដើម្បី​ដឹក​អវកាសយានិក​ពីរ​នាក់​និង​ដំណើរការ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​និង​បច្ចេកវិជ្ជា​អាគុយ​ឥន្ធនៈ​។​

​ទីភ្នាក់ងារ​អវកាស​ជប៉ុន​គ្រោង​នឹង​ចាប់ផ្តើម​បញ្ជូន​មនុស្ស​ទៅធ្វើ​បេសកកម្ម​រុករក​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០៣០​។ ប៉ុន្តែ​ដំបូង ជប៉ុន​ត្រូវការ​បច្ចេកវិជ្ជា​ដើម្បី​គាំទ្រ​ពួកគេ​ឱ្យបាន​ជាមុនសិន​៕ ដោយ៖ កញ្ញាដាលីស