នៅឯពិព័រណ៍រថយន្តក្នុងទីក្រុងញូវយ៉ក ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្តស៊េរីថ្មីបំផុតរបស់ខ្លួនគឺរថយន្ត Highlander ប្រភេទ SUV ឆ្នាំ២០២០។ រថយន្ត Highlander គឺជាផលិតផលលក់ដាច់បំផុតរបស់ Toyota នៅទ្វីបអាមេរិកខាងជើង ហើយឥឡូវនេះបានឈានចូលជំនាន់ទីបួនរបស់ខ្លួនជាមួយនឹងការសន្សំសំចៃប្រេងកាន់តែប្រសើរ និង មានលក្ខណៈស្តង់ដារពិសេសៗជាច្រើន។
រថយន្ត Toyota Highlander ឆ្នាំ២០២០ គឺជាប្រភេទរថយន្តកៅអីបីជួរជំនាន់ទីបួន ដែលមានទាំងប្រភេទប្រើប្រេងឥន្ធនៈនិងហាយប្រ៊ីដ។ ម៉ូដែល Highlander Hybrid នឹងស៊ីសាំង ៦,៩លីត្រ/១០០គ.ម រួមគ្នាជាមួយថាមពលអាគុយនិងសាំង ដែលសន្សំសំចៃជាង Highlander Hybrid ឆ្នាំ២០១៩ ចំនួន ១៧ ភាគរយ។ រថយន្ត Highlander ស៊េរីថ្មីនេះក៏នឹងក្លាយជាម៉ូដែលដំបូងរបស់ Toyota ផងដែរដែលផ្តល់ជូនទាំងកម្មវិធី Android Auto និង Apple CarPlay ជាលក្ខណៈស្តង់ដារក៏ដូចជាភាពត្រូវគ្នាជាមួយបណ្តាញឌីជីថល Alexa និង អេក្រង់មើលព័ត៌មានទំហំ ១២,៣ អ៊ីញដ៏ធំ។
ម៉ូតរចនាថ្មីសម្រាប់ផ្នែកខាងក្រៅគឺស្របទៅនឹងរថយន្ត Toyota RAV4 ស៊េរីថ្មីដែលបានប្រកាសកាលពីមួយឆ្នាំមុន។ ប្រដឹសមុខគឺមានរាងត្បូងពេជ្រសំប៉ែតនិងធំជាងមុន។ ចង្កៀងមុខមានរាងធំជាងមុន រីឯកាងមុខផ្នែកខាងក្រោមគឺមានរាងវែងនិងធំជាងមុន ដែលមើលទៅសិចស៊ីលេចធ្លោ។
នៅផ្នែកខាងក្រោម រថយន្ត Toyota Highlander ២០២០ សង់ឡើងលើតួថ្មីរបស់ Toyota ហៅថា TNGA-K ដែលប្រើសម្រាប់រថយន្ត Toyota ជំនាន់ក្រោយៗ។ ជាលទ្ធផល រថយន្ត Highlander ថ្មីនេះនឹងមានកន្លែងបញ្ជាដៃចង្កូតយ៉ាងល្អប្រសើរនិងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។
នៅពីក្រោមក្បាំងមុខ រថយន្ត Highlander ស៊េរីថ្មីប្រើសាំង គឺមានម៉ាស៊ីន V6 ៣,៥ លីត្រដែលផលិតកម្លាំងសន្ទុះ ២៩៥ សេះ (២២០ គីឡូវ៉ាត់) និងកម្លាំងរង្វិល ៣៥៧ Nm។ ប្រអប់លេខអូតូ ៨ លេខគឺស្តង់ដារ ដូចនៅលើរថយន្តដំណើរការដោយកង់មុខទាំងពីរ និង ដំណើរការដោយកង់ទាំងបួនផងដែរ។ រថយន្តថ្មីប្រើសាំងនេះអាចសណ្តោងបានទម្ងន់ ២.២៦៨ គីឡូក្រាម។
រថយន្ត Highlander Hybrid ឆ្នាំ ២០២០ គឺ ប្រើម៉ាស៊ីន V4 ២,៥ លីត្រភ្ជាប់ជាមួយប្រព័ន្ធអាគុយ Hybrid Synergy Drive (HSD) របស់ Toyota។ អាគុយ HSD មានម៉ូទ័រអគ្គិសនីចំនួនពីរ ដែលមួយគឺជួយរុញកាឡេ និងមួយទៀតដើរតួជាអ្នកបញ្ឆេះម៉ាស៊ីននិងម៉ាស៊ីនចាប់ហ្វ្រាំង៕ ដោយ៖ កញ្ញាដាលីស