ក្រុមហ៊ុន Toyota ព​ន្លឿ​ន​ការផលិត​រថយន្ត​អគ្គិសនី ខណៈ​តម្រូវការ​កើនឡើង​ខ្ពស់​

979
ចែករម្លែក

​ក្រុមហ៊ុន Toyota Motor Corp មានបំណង​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន​ចំនួន​ពាក់កណ្តាល​នៅ​ទូទាំង​ពិភពលោក​ពី​ឆ្នាំ ២០២៥ គឺ​លឿន​ជាង​ការគ្រោងទុក ៥ ឆ្នាំ ហើយ​បាន​និយាយថា​ខ្លួន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាគុយ​របស់​ចិន​ដើម្បី​សម្រួល​ដល់​ការផ្លាស់ប្តូរ​ទៅរក​ថាមពល​អគ្គិសនី​។​

​ការផ្លាស់ប្តូរ​នេះ​បង្ហាញ​ពី​កំណើន​លូតលាស់​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី (EV) ដែល​កំពុង​ផ្លាស់ប្តូរ​ឧស្សាហកម្ម​ផលិត​រថយន្ត​ទូទាំង​ពិភពលោក​និង​ការទទួលស្គាល់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូលរ​បស់​ជប៉ុន ដែលថា​ខ្លួន​ប្រហែលជា​មិនអាច​បំពេញតម្រូវការ​សម្រាប់​អាគុយ​ដោយ​ខ្លួនឯង​ទេ​។​

​អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​លោក​ស៊ី​ហ្គេ​គី ថេ​រ៉ាស៊ី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​អាច​នឹងមាន​គម្លាតរ​វាង​តម្រូវការ​អាគុយ​របស់ Toyota និង​អ្វីដែល​ខ្លួន​អាច​ផលិត​បាន​ខណៈដែល​បទ​ប្បញ្ញត្តិ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​រំពឹង​កើតឡើង​នៅ​ទ្វីបអឺរ៉ុប ជប៉ុន និង ចិន បាន​ជំរុញ​កំណើន​តម្រូវការ​។​

​ក្រុមហ៊ុន Toyota បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​ថា ខ្លួន​នឹង​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាគុយ​ឈានមុខ​គេ​របស់​ចិន​ឈ្មោះ Contemporary Amperex Technology Co Ltd (CATL) ព្រមទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិ​ន​សី​របស់​ចិន BYD សម្រាប់​ការផ្គត់ផ្គង់​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នេះ​ក៏បាន​ប្រកាស​ផងដែរ​នូវ​រថយន្ត​ខ្នាតតូច​កៅអី​ពីរ​ដែល​បង្កើតឡើង​សម្រាប់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​និង​ការធ្វើដំណើរ​នៅ​ទីជិតៗ ដែលមាន​ល្បឿន​អតិបរមា ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង អាច​បើក​បាន ១០០ គីឡូម៉ែត្រ​ក្នុងពេល​សាក​ភ្លើង​ពេញ​។​

​ទោះយ៉ាងណា លោក​ថេ​រ៉ាស៊ី​បាន​កត់សម្គាល់ថា ខណៈដែល​តម្រូវការ​ស​ម្រា​ប់​រថយន្ត​អគ្គិសនី​កំពុង​កើនឡើង ប្រាក់ចំណេញ​នឹងមាន​ភាពយឺតយ៉ាវ​។ លោក​បាន​បន្ថែមថា បច្ចេកវិជ្ជា​រថយន្ត​អគ្គិសនី​បាន​ដំណើរការ​តាំងពី​យូរយារ​ណាស់​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០១០ ប៉ុន្តែ​វា​នៅតែ​ជា​បញ្ហា​ប្រឈម​ក្នុង​ការបង្កើត​ប្រាក់ចំណេញ​សម្រាប់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

Toyota នឹង​ព​ន្លឿ​ន​ការផលិត​រថយន្ត​អគ្គិសនី​ដើម្បី​បំពេញតម្រូវការ​ដែល​កំ​ពុង​កើនឡើង