ក្រុមហ៊ុន Uber សម្លឹងមើល​ការប្រើ​ដ្រូ​ន​ដើម្បី​ដឹកជញ្ជូន​អាហារ និង​បង្ហាញ​រថយន្ត​ស្វ័យប្រវត្តិ​

186
ចែករម្លែក

ក្រុមហ៊ុន Uber បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​ថា​ខ្លួន​គ្រោង​នឹង​បង្កើន​ការដឹកជញ្ជូន​ម្ហូបអាហារ​របស់​ភោជនីយដ្ឋាន ដោយ​ប្រើ​ដ្រូ​ន​សម្រាប់​សេវាកម្ម Uber Eats របស់ខ្លួន​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយបង្អស់​ពី​សំណាក់​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ដើម្បី​សម្រួល​ដល់​វិស័យ​ដឹកជញ្ជូន​។​

​នៅឯ​ព្រឹត្តិការណ៍ Uber Elevate Summit របស់ខ្លួន ក្រុមហ៊ុន​នេះ​បាន​និយាយថា ខ្លួន​ទទួលបាន​ការអនុម័ត​ពី​និយតករ​ដើម្បី​ចាប់ផ្តើម​ធ្វើតេស្ត​ដឹកជញ្ជូន​អាហារ​ដោយ​ដ្រូ​ន​នៅក្នុង​តំបន់​សាន់​ឌី​ហ្គោ រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​លោក​លូក ហ្វី​សឺ ប្រធាន​ប្រតិ​ប​ត្ដិ​ការហោះហើរ​នៅ Uber Elevate បាន​និយាយថា “​គោលដៅ​របស់​យើង​គឺ​ពង្រីក​ការដឹកជញ្ជូន​តាម​ដ្រូ​ន Uber Eats ដូច្នេះ​យើង​អាច​ផ្តល់​ជម្រើស​បន្ថែមទៀត​ដល់​ម​នុស្ស​កាន់តែច្រើន​តាមរ​យៈ​ការ​ចុច​ប៊ូ​តុង​”​។​

​លោក​និយាយថា “​យើង​ជឿជាក់ថា Uber ស្ថិតនៅ​គោលជំហរ​ដ៏​ពិសេស​តែមួយគត់​ដើម្បី​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ព្រោះ​យើង​អាច​ប្រើប្រាស់​បណ្តាញ​ដៃគូ​ភោជនីយដ្ឋាន Uber Eats និង​ដៃគូ​ចែកចាយ​ក៏ដូចជា​បទពិសោធ​អាកាសចរណ៍​និង​បច្ចេកវិជ្ជា​របស់ Uber Elevate”​។​

​សម្រាប់​ហេតុផល​ដឹកជញ្ជូន ដ្រូ​ន​នឹងមិន​ដឹក​ដល់ដៃ​អតិថិជន​ដោយផ្ទាល់​ទេ ប៉ុន្តែ​ដឹក​ទៅកាន់​ទីតាំង​ដែលមាន​សុវត្ថិភាព​មួយ កន្លែង​ដែល​អ្នកបើកបរ​របស់ Uber Eats នឹង​ដឹក​បង្ហើយ​នូវ​អាហារ​ទៅ​ដល់ដៃ​របស់​អតិថិជន​។​

​នៅពេល​អនាគត Uber សង្ឃឹមថានឹង​ចុះចត​ដ្រូ​ន​នៅលើ​រថយន្ត​ដែល​ចត​ចោល​ណា​ដែលមាន​ទីតាំងនៅ​ជិត​កន្លែង​ដឹកជញ្ជូន​នីមួយៗ​ដើម្បី​អនុញ្ញាតឱ្យ​ការដឹកជញ្ជូន​ចុងក្រោយ​អាចធ្វើ​ឡើង​ដោយ​ដៃ​។​

​ក្រុមហ៊ុន Uber បាន​និយាយថា​ខ្លួន​បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ដែនអាកាស​មានកម្ម​សិទ្ធិ​បញ្ញា​ត្រឹមត្រូវ ឈ្មោះ Elevate Cloud Systems ដែល​នឹង​បញ្ជា​ដ្រូ​ន​ទៅកាន់​ទីតាំង​របស់​អតិថិជន​តែម្តង​។​

​ក្រៅពី​ដ្រូ​ន​ដឹក​អាហារ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​នូវ​រថយន្ត​ស្វ័យប្រវត្តិ​ផងដែរ ដែលមាន​ឈ្មោះថា Volvo XC90 ផលិត​ដោយ​ក្រុមហ៊ុន Volvo Cars​។ ក្រុមហ៊ុន Uber និយាយថា រថយន្ត​នេះ​អាច​បើក​ដោយ​ខ្លួនឯង​ទាំងស្រុង ជាមួយ​ឧបករណ៍​ចាប់​សញ្ញា​រូបភាព​នៅ​ពីលើ​ដំបូល និង​បង្កប់​ជុំវិញ​រថយន្ត ដើម្បីឱ្យ​វា​អាច​បើក​ដោយ​ខ្លួន​វា​ដោយ​រលូន​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Uber បង្ហាញ​ដ្រូ​ន​ដឹក​អាហារ និង រថយន្ត Volvo XC90 កាលពី​ថ្ងៃ​ពុធ