ក្រុមហ៊ុន Versace បាត់បង់ នាង​យ៉ាង មី ជា​ឯកអគ្គរដ្ឋទូត​ស្លាក​យីហោ​របស់ខ្លួន​នៅ​ចិន​ជុំវិញ​អាវយឺត​រំលោភ​គោលនយោបាយ​ចិន​តែមួយ

197
ចែករម្លែក

​ក្រុមហ៊ុន Versace របស់​អ៊ីតាលី​ទើបតែ​បាត់បង់​ឯកអគ្គរដ្ឋទូត​ស្លាក​យីហោ​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​។ តារា​សម្តែង​ចិន​នាង យ៉ាង មី បាន​និយាយថា​នាង​នឹង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​រ​បស់​នាង​ជាមួយ​ស្លាក​យីហោ​ម៉ូត​សម្លៀកបំពាក់​ប្រណីត​នេះ បន្ទាប់ពី​មានរឿង​ចម្រូងចម្រាស​មួយ​បាន​ផ្ទុះ​ឡើងលើ​អ៊ីនធឺណិត​ជុំវិញ​ការ​អះអាងថា ម៉ូត​អាវយឺត​របស់​ក្រុមហ៊ុន​បាន​បំពាន​គោលការណ៍ “​ចិន​តែមួយ​”​។​

​នាង​យ៉ាង ដែលជា​ឯកអគ្គរដ្ឋទូត​យីហោ​ជនជាតិ​ចិន​ដំបូង​គេ​របស់​ក្រុមហ៊ុន Versace បានចេញ​សេចក្តីជូនដំណឹង​ដល់​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​កិច្ចសន្យា​របស់​នាង​និង​បញ្ឈប់​រាល់​ការងារ​ជាមួយ​យីហោ​នេះ បន្ទាប់ពី​អាវយឺត​របស់​ក្រុមហ៊ុន​បានចាត់ទុក​ហុងកុង​ជា​ប្រទេស​ជាជាង​ទីក្រុង​។ ក្រុមហ៊ុន​នេះ​ក៏បាន​ធ្វើ​ដូចគ្នា​ផងដែរ​សម្រាប់​ទីក្រុង​ម៉ា​កាវ​។ ទីក្រុង​ទាំងពីរ​គឺជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​។​

​នាង​យ៉ាង​បាន​និយាយថា ក្រុមហ៊ុន Versace បានធ្វើឱ្យ​ប៉ះពាល់​ដល់​អ​ធិបតេយ្យ​ភាព​និង​បូរណភាព​ទឹកដី​របស់​ចិន​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី ១១ សីហា​នៅលើ​គណនី Weibo ផ្លូវការ​របស់​ផលិតកម្ម Jiaxing Xingguang ដែលជា​ផលិតកម្ម​របស់​តារា​ស្រី​រូបនេះ​។​

​ក្រុមហ៊ុន Versace បាន​សុំទោស​និង​យក​អាវយឺត​នេះ​ចេញ​ហើយ​។​

​ហុងកុង ដែលជា​អតីត​អាណានិគម​អង់គ្លេស បាន​ក្លាយជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​ក្នុង​ឆ្នាំ ១៩៩៧៕ ដោយ៖ កញ្ញាដាលីស

នាង យ៉ាង មី ឈប់​សហការ​ជាមួយ​ក្រុមហ៊ុន Versace
នាង យ៉ាង មី ឈប់​សហការ​ជាមួយ​ក្រុមហ៊ុន Versace