ក្រុមហ៊ុន VinFast នឹង​ចែកចាយ​រថយន្ត CUV ដំបូង​របស់ខ្លួន​ដល់​អតិថិជន​នៅ​ខែមិថុនា​នេះ​

824
ចែករម្លែក

​ក្រុមហ៊ុន VinFast ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពេញលេញ​ដំបូង​គេ​របស់​វៀតណាម បានប្រកាសថា ម៉ូ​ដែល​រថយន្ត Fadil របស់ខ្លួន​នឹងត្រូវ​ដឹក​ជូន​អតិថិជន​នៅ​ពាក់កណ្តាល​ខែមិថុនា​នេះ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​និយាយថា រថយន្ត Fadil ដំបូង​ដែលជា​រថយន្ត​លក្ខណៈ​គ្រួសារ​ជិះ​តាម​ទីក្រុង​ធុន​តូច (CUV) ឥឡូវនេះ​មាន​លក់​នៅតាម​ហាង ៣២ កន្លែង​នៅ​ទូទាំងប្រទេស​។ រថយន្ត​នេះ​នឹងមាន ៦ ពណ៌​។​

​អ្នកតំណាង​ក្រុមហ៊ុន VinFast បាន​និយាយថា អតិថិជន​អាច​ចុះឈ្មោះ​សម្រាប់​ការសាកល្បង​បើកបរ​ពីថ្ងៃ​ទី ១ ខែមិថុនា​ដល់​ថ្ងៃទី ១៥ ខែមិថុនា ខណៈ​អ្នក​ដែល​បាន​បញ្ជា​ទិញ​ជាមុន អាច​រំពឹង​ទទួលបាន​រថយន្ត​នេះ​នៅ​ពាក់កណ្តាល​ខែមិថុនា​។​

​អ្នកតំណាង​រូបនោះ​និយាយថា រថយន្ត Fadil ត្រូវបាន​ធ្វើតេស្ត​សាកល្បង​នៅ​កូរ៉េខាងត្បូង​កាលពីដើម​ឆ្នាំនេះ​សម្រាប់​បញ្ហា​គុណភាព​និង​សុវត្ថិភាព និង​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​។​

​ក្រុមហ៊ុន VinFast ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​យក្ស​វៀតណាម Vingroup បានចាប់ផ្តើម​ផលិត​រថយន្ត​លើកដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​កា​លពី​ខែ​មុន ដែលជា​ជំហាន​ដំបូង​នៅក្នុង​គម្រោង​វិនិយោគ​ដែលមាន​តម្លៃ ៣,៥ ពាន់​លាន​ដុល្លារ​។​

​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បញ្ជូន​រថយន្ត​ប្រភេទ SUV និង​រថយន្ត​ខ្នាតតូច​របស់ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​និង​អាស៊ី​សម្រាប់​ការធ្វើ​តេស្ត​គុណភាព​និង​គ្រោង​ដឹកជញ្ជូន​រថយន្ត​ដែល​បាន​បញ្ជា​ទិញ​ទុកជាមុន​នៅក្នុង​ត្រីមាស​ទី​ពីរ​និង​ត្រីមាស​ទី​បី​នៃ​ឆ្នាំនេះ​។​

​ក្រុមហ៊ុន VinFast កាលពី​ខែមេសា​បានប្រកាសថា​ខ្លួន​នឹង​សង់​រួចរាល់​នូវ​រោងចក្រ​របស់ខ្លួន​នៅ​សួន​ឧស្សាហកម្ម​ឌិ​ញ​វូ នៅ​ភាគ​ខាងជើង​ទីក្រុង​ហៃ​ផុង នៅ​ខែមិថុនា​នេះ ពោលគឺ​រួចរាល់​៣​ខែ​មុន​កាលកំណត់​។​

​រោងចក្រ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ផលិត​រថយន្ត​បាន​ចំនួន ២៥០.០០០ គ្រឿង​ប្រចាំឆ្នាំ​នៅក្នុង​ដំណាក់កាល​ដំបូង​និង ៥០០.០០០ គ្រឿង​នៅក្នុង​ដំណាក់កាល​ទី​២ នៅ​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Fadil នឹង​ដឹក​ដល់ដៃ​អតិថិជន​នៅ​ពាក់កណ្តាល​ខែមិថុនា
#